WHO ព្រមានករណីឆ្លងកើនឡើងនៅតាមប្រទេសដទៃទៀត ទោះបីអ្នកឆ្លង COVID-19នៅចិនធ្លាក់ចុះ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
អង្គការសុខភាពពិភពលោក WHO បានធ្វើការកត់សំគាល់ឃើញថា ចំនួនករណីអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងប្រទេសចិនមានអត្រាធ្លាក់ចុះក៏ពិតមែន ប៉ុន្តែការឆ្លងនៅតាមប្រទេសដទៃទៀតអាចបន្តកើនឡើង។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០។
បើតាមលោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោកបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ទោះបីជាករណីឆ្លង COVID-19 នៅប្រទេសចិនមានការធ្លាក់ចុះក៏ដោយ តែសូមកុំធ្វេសប្រហែសឲ្យសោះ។លោកអគ្គលេខាធិការបានបន្តថា មកទល់នឹងពេលនេះ មាន ២៥ ប្រទេសហើយ បានរាយការណ៍ពីករណីឆ្លង COVID-19 សរុបចំនួន១,០៧៦ករណី មកកាន់អង្គការពិភពលោកមួយនេះ។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោក មានកោះតៃវ៉ាន់ ហុងកុង ជប៉ុន អ៉ីរ៉ង់ បារាំង ហ្វីលីពីននិងកូរ៉េខាងត្បូងផងដែរ បានប្រកាសពីករណីស្លាប់ ដោយសារមេរោគឆ្លង COVID-19៕
ប្រភព៖សារព័ត៌មាន Channel News Asia