ក្រសួងសាធារណការផ្លាស់ប្តូរមន្រ្តីអសកម្មមួយចំនួនតាមស្ថានីយជញ្ជីងថ្លឹងរថយន្ត

វិទ្យុជាតិកម្ពុជា ៖ សុភា វិសិទ្ធិពង្ស
MC : ក្រសួងសាធារណការ និងដឹកជញ្ជួនបានផ្លាស់ប្តូរមន្រ្តីអសកម្មមួយចំនួនតាមស្ថានីយជញ្ជីងថ្លឹងរថយន្តដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមដានផាកពិន័យចំពោះរថយន្ត ដែលដឹកលើសចំណុះ ដើម្បីបង្កើនកិច្ចគាំពារហេដ្ថារចនាសម្ព័នផ្លូវ-ថ្នល់អាចប្រើប្រាស់បានយូអង្វែង ។

ក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសារធារណការ និងដឹកជញ្ជួន នៅព្រឹកថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ២០២០ នាទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមការងារជំនាញបានរកឃើញមន្រ្តីនៅតាមកន្លែងជញ្ចីងថ្លឹងរថយន្តមួយចំនួន មានភាពមិនប្រក្រតី អសកម្ម និងបានទទួលលុយកាក់ពីម្ចាស់រថយន្តដឹកជញ្ជូនទំនិញធ្ងន់ៗនៅតាមដងផ្លូវ ជាថ្នូរនឹងការមិនអោយរថយន្ត ទំាងនោះចូលទៅថ្លឹង ដូច្នេះក្រសួងមិនទុកមន្រ្តីនេះ ទំាងនោះតទៅទៀតឡើយ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជួន បានប្តូរប្រធាន និងអនុប្រធានទាំងអស់នៅតាមស្ថានីយថ្លឹងរថយន្តទាំង ២៨កន្លែង ដើម្បីបង្កើនប្រសិទ្ធភាពនៃ ការគ្រប់គ្រងនិងលុបបំបាត់បញ្ហាមិនប្រក្រតីនានានៅកន្លែងថ្លឹងរថយន្តនោះ។បន្ថែមពីនេះទៀតគឺដើម្បីកុំអោយប៉ៈពាល់ដល់គុណភាពផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសចំណុះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមទៀតថា វិធានការផ្លាស់ប្តូរមន្រ្តីនេះ នឹងអាចជួយមួយចំណែកធំដោយមិនត្រឹមតែធានាបានការប្រើប្រាស់ ផ្លូវបានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នានាកើតឡើង ជាយថាហេតុដែលបណ្តាលមកពីរថយន្តធន់ធ្ងន់ដឹកលើសចំណុះនោះ។
«ចូលជញ្ជីងថ្លឹងគិតប៉ុណ្ណឹងទៅ ចូលទៅខ្លះមិនចូលផងឬចូលទៅខ្លះសូកលុយទៅចេញបាត់ អាហ្នឹងលោកមានប្រសាសន៍ ចឹងយើងខ្ញុំតាមដានរឿងនេះធ្វើការទាំងយប់ម៉ោង៣ ភ្លឺ បញ្ជូនមនុស្សទៅបើកឡានស្ងាត់តាមដានថតឃើញមែនៗ អត់ចូលឡើងខ្លាំងបញ្ចូលកន្លែងជញ្ជីងហើយខ្លះចូលហើយអាព្រូឡានចត ហើយចេញវិញទៅត្រុយ អត់មានប្លង់ទេឃើញមែនជាក់ស្ដែងអានេះសូមសារភាពថាឃើញមែនមិនមែនគេចេះតែនិយាយប៉ុន្តែមិនមែនទាំងអស់នោះទេ ស្ថានីយ៍មួយចំនួនទេដូច្នេះខ្ញុំត្រូវតែរៀបចំក្បាលម៉ាស៊ីនដំណើរការត្រួតពិនិត្យនេះឲ្យស្របតាមអនុក្រឹត្យលេខ ១៤១ដើម្បីតាមដានត្រួតពិនិត្យកន្លែងជញ្ជីងឲ្យបានម៉ត់ចត់ រៀបចំដាក់កាមេរ៉ារៀបចំដាក់ជញ្ជីងក្រោមដី ដើម្បីទប់ស្កាត់កុំឲ្យមានការដឹកទំនិញលើសទម្ងន់ថែមទៀតឲ្យខូចខាតផ្លូវរបស់យើង នេះទាក់ទងប្រព័ន្ធទាំងអស់ខ្ញុំបានលើកឡើង។ ហើយប៉ុន្តែដើម្បីក្រសួងមានប្រសិទ្ធភាពក៏យើងរៀបចំអង្គការលេខ ដូរអង្គការលេខរបស់យើង។
សូមបញ្ចាក់ថា កាលពីឆ្នាំ២០១៩ ក្រសួងសាធារណ:ការ និងដឹកជញ្ជួនក៏ធ្លាប់បានអញ្ជើញប្រធាន និងអនុប្រធានស្ថានីយថ្លឹងរយន្តមកស្តាប់អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួចរាល់ហើយ ដោយបានបង្ហាញពីសកម្មភាព របស់មន្រ្តីខិតខូចមួយចំនួនទទួលលុយម្ចាស់រថយន្តដោយឆ្លងកាត់ស្ថានីយដោយពុំចាំបាច់ថ្លឹង៕