រដ្ឋមន្រ្តីក្រសួងដែនដីតម្រូវឲ្យមានវិស្វករចំនួន២នាក់នៅប្រចាំការក្នុងការដ្ឋានសំណង់

វិទ្យុជាតិកម្ពុជា៖ លោក  វ៉ែន សុវុទ្ធី

MC:រដ្ឋមន្រ្តីក្រសួងដែនដីតម្រូវឲ្យមានវិស្វករចំនួន២នាក់នៅប្រចាំការក្នុងការដ្ឋានសំណង់ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ និងធានាឲ្យរាល់សំណង់ទំាងអស់ មានគុណភាព និងសុវត្ថិភាព។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាល់ការសាងសង់សំណង់គ្រប់ប្រភេទនៅទូទាំងប្រទេស គឺត្រូវតែមានវិស្វករចំនួន ២នាក់ នៅប្រចាំក្នុងការដ្ឋានសាងសង់សំណង់ ដើម្បីឲ្យការសាងសង់មានគុណភាព និងសុវត្ថិភាពទៅដល់កម្មករ ព្រមទាំងរក្សាបានសណ្តាប់ធ្នាប់សាធារណៈផងដែរ។
មានប្រសាសន៍នៅក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា រាល់ការដ្ឋានសាងសង់សំណង់អគារធំទាំងអស់ ត្រូវតែរត់ច្បាប់សាងសង់ជាមុន និងអនុវត្តតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវដែលក្រសួងបានកំណត់ ដើម្បីឲ្យរាល់ការសាងសង់ធានាបានសុវត្ថិភាព សោភណ្ឌភាព និង សំណង់មានគុណភាពរឹងមាំ ។
សំឡេង៖ «ខ្ញុំចង់បានវិស្វករសា្ថបត្យករ នៅប្រចាំការដែលជាអ្នកសិក្សាគម្រោងប្លង់នៅប្រចាំការនៅការដ្ឋានសំណង់ដែលជាឆ្អឹងខ្នងបង្អែកសង្គមជាតិរបស់យើង។ ចំណុចទី២នេះលក្ខណៈសំខាន់ផងដែរថាខ្ញុំរ៉ាប់រងចង់បើកទំនាក់ទំនងឲ្យបានទូលំទូលាយថែមទៀតជាមួយស្ថាបត្យករវិស្វករដទៃទៀតទាំងក្នុងទាំងក្រៅប្រទេស និងជាមួយក្រុមហ៊ុនដើម្បីឲ្យអស់លោកស្រីមានវិជ្ជាជីវៈក្នុងវិស័យសំណង់ឲ្យមានការងារធ្វើច្រើនឡើង»។
ឯកឧត្តម បានព្រមានថា ក្រសួងនឹងបញ្ជូនមន្រ្តីបច្ចេកទេសទៅអធិការកិច្ចរាល់ដ្ឋានសំណង់នាៗដែលកំពុងសាងសង់ ដើម្បីប្រាកដថា រាល់គ្រាប់ការដ្ឋានត្រូវតែមានវិស្វករប្រចាំការ។ ក្នុងករណី មន្រ្តីរកឃើញសំណង់ទាំងឡាយណាដែលមិនអនុវត្តតាមច្បាប់ ក្រសួងនឹងបញ្ឈប់ការសាងសង់ និងឃាត់ខ្លួនម្ចាស់សំណង់ ដើម្បីពិន័យតាមច្បាប់ដែលបានកំណត់។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អ្នកវិជ្ជាជីវៈក្នុងវីស័យសំណង់លើកទី៣ ដោយមានស្ថាបត្យករ និងវិស្វករ ចំនួនជាង៧០០ នាក់ចូលរួម ក្នុងទិសដៅធានាការងារសាងសង់ទាំងអស់មានសុវត្ថិភាព និងគុណភាពរឹងមាំ៕