អភិបាលក្រុងតូក្យូ រិះគន់ចំពោះគំនិតដែលថាទីក្រុងឡុងដ៍ សាកសមធ្វើជាម្ចាស់ផ្ទះអូឡាំពិកឆ្នាំ ២០២០

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
លោកស្រី យូរីកូ កូកេរ អភិបាលក្រុងតូក្យូ បានរិះគន់ បេក្ខជនឈរឈ្មោះបោះឆ្នោតអភិបាលក្រុងឡុងដ៏ថាមានគំនិតមិនសមរម្យទាល់តែសោះដែលបានលើកឡើងថា មានតែក្រុងឡុងដ៍ទេដែលសាកសមធ្វើជាម្ចាស់ផ្ទះអូឡាំពិកឆ្នាំ ២០២០ ប្រសិនបើការផ្ទុះឡើងនូវវីរុស Covid-19 នៅតែគំរាមកំហែងដល់ការរៀបចំជាម្ចាស់ផ្ទះអូឡាំពិកនៅប្រទេសជប៉ុន។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០។
ការលើកឡើងបែបនេះរបស់លោកស្រីអភិបាលក្រុងតូក្យូ គឺបន្ទាប់ពីលោក លោក Shaun Bailey បេក្ខជន មកពីគណបក្សអភិរក្សនិយមសម្រាប់ការបោះឆ្នោតអភិបាលក្រុងឡុងដ៏នៃចក្រភពអង់គ្លេសបាននិយាយថាទីក្រុងឡុងដ៍ត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះប្រសិនបើចាំបាច់។
សូមបញ្ជាក់ថា ទាក់ទងនឹងបញ្ហានេះដែរ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថាគ្មានផែនការលុបចោលឬផ្លាស់ប្តូរទីតាំងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ចេញពីទីក្រុងតូក្យូឡើយ៕
ប្រភព៖ សារព័ត៌មាន Channel News Asia