រដ្ឋមន្រ្តីក្រសួងសាធារណការ បានអះអាងថា ការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសនៅក្នុង រាជធានីភ្នំពេញចប់រួចរាល់ហើយ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC៖ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានអះអាងថា ការសិក្សាគម្រោងសាងសង់ផ្លូវ  រថភ្លើង លើអាកាសនៅក្នុងរាជធានីភ្នំពេញចប់រួចរាល់ហើយ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា ការសាងសង់រថភ្លើងលើអាកាសជាជម្រើសល្អមួយនាពេលអនាគត ព្រោះវាជួយសម្រួលការដឹក ជញ្ជូននិងការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ហើយរថភ្លើងលើអាកាសនេះ ជាជម្រើសថ្មីសម្រាប់ ប្រជាពលរដ្ឋធ្វើដំណើរ ។

ឯកឧត្តម បានបន្តថា ក្រសួងបានសហការជាមួយអង្គការ JICA ក្នុងការសិក្សាអំពីគម្រោងសាងសង់ផ្លូវរថភ្លើង លើអាកាស នៅក្នុងរាជធានីភ្នំពេញនេះ គឺត្រូវបានបញ្ចប់ជាស្តាពរ ប៉ុន្តែគំរោងនេះ ជាគំរោងត្រូវវិនិយោគថវិកាច្រើន ហេតុនេះយើង មិនទាន់ដឹងថា រដ្ឋាភិបាលនឹងវិនិយោគ ឬប្រគល់ជូនក្រុមហ៊ុនឯកជនក្នុងការវិនិយោគ តាមលក្ខណៈបង់ប្រាក់ (BOT) ឬយ៉ាងណានោះទេ ។

សំឡេង ៖ ឥលូវនេះដើម្បីបញ្ជៀសការកកស្ទះ និងកាត់បន្ធយការកកស្ទះនៅរាជធានីភ្នំពេញ យើងបាន សហការជាមួយ អង្គការJICAសិក្សាពីរថភ្លើងលើអាកាស យើងបានសិក្សារួចហើយ ក៏ប៉ុន្តែយើងកំពុងប្រៀបធៀបទៅ នឹង មូណូរៀល រថភ្លើងលើអាកាសដែលតែផ្លូវវាតែមួយទេ នឹងរថភ្លើងក្រោមដីក្រោយពីសិក្សាចប់ទាំង៣ប្រពន្ធ័នេះ យើងពិនិត្យទាំងអស់គ្នារួមគ្នា ថាតើប្រព័ន្ធមួយណាដែលឆ្លើយតបត្រឹមត្រូវជាងគេ នូវតម្រួវការរបស់រាជធានីភ្នំពេញ ។ ហើយតើយើងរកថវិកាពីណាមក ដើម្បីកសាងប្រព័ន្ធនេះ មិនតិចជាងពី១ពាន់ ទៅ១ពាន់៤រយលានដុល្លារអាមេរិចនោះទេ តើរកថវិកាពីណាឬយកឲ្យវិស័យឯកជនគេដាក់ថវិកាគេដើម្បីមកកសាងជាប្រព័ន្ធ BOT អានឹងយើងកំពុងសិក្សាបន្ថែមទៀត ។
សូមបញ្ជាក់ថា រថភ្លើងលើអាកាសនឹងចូលរួមចំណែកលើកកំពស់សោភ័ណភាព និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ហើយការសិក្សាលើគម្រោងនេះ ទាមទារឲ្យមានភាពច្បាស់លាស់ ដើម្បីទទួលបានសោភ័ណភាពផង និងមិនប៉ះពាល់បរិស្ថានផង ៕