អ្នកជំងឺវីរុស COVID-19 នៅប្រទេសចិនសរុប១៨,២៦៤នាក់បានជាសះស្បើយ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅប្រទេសចិនសរុបចំនួន ១៨,២៦៤នាក់ហើយដែលជាសះស្បើយទាំងស្រុង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ ខណៈករណីឆ្លងថ្មីមានអត្រាធ្លាក់ចុះ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
របាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា អ្នកជំងឺសរុប ២,១០៩នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិនកាលពីថ្ងៃព្រហស្បត្តិ៍ ដូច្នេះចំនួនអ្នកជាសះស្បើយបានកើនឡើងដល់១៨,២៦៤នាក់នៅក្នុងប្រទេសចិន។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោក មានកោះតៃវ៉ាន់ ហុងកុង ប្រទេសជប៉ុន អ៊ីរ៉ង់ បារាំង និងហ្វលីពីនជាដើមក៏បានអះអាងពីករណីស្លាប់ ដោយសារមេរោគឆ្លង COVID-19 ហើយពេលនេះគឺបូកថែមកូរ៉េខាងត្បូងមួយករណីទៀតផងដែរ៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ