ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឲ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយដកសិទ្ធិអ្នកបើកបរល្មើសច្បាប់ ចាប់ពី៣ដង

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ០២ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយដកសិទ្ធិអ្នកបើកបរល្មើសច្បាប់ ចាប់ពី៣ដង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ណែនាំឲ្យភាគីពាក់ព័ន្ធរៀបចំធ្វើវិសោធនកម្មច្បាប់ ដើម្បីដកសិទ្ធិអ្នកបើកបរដែលល្មើសច្បាប់ចាប់ពី៣ដងឡើងទៅ ។
ថ្លែងក្នុងពិធីបិទសន្និបាតនិងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យមន្រ្តីអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ចាត់វិធានការចំពោះអ្នកដែលប្រព្រឹត្តិ ល្មើសច្បាប់ដូចជា អ្នកដែលបើកបរល្មើសច្បាប់លើកទី១ ត្រូវផាកពិន័យ១ដងកឹបចំណាំខុសម្តង ល្មើសលើកទី២ ត្រូវផាកពិន័យគុណនឹង២ កឹបចំណាំម្តងទៀត បើល្មើសលើកទី៣ត្រូវផាកពិន័យគុណនឹង៣ដង ហើយត្រូវដកសិទ្ធិមិនឲ្យបើកបរតែម្តង ។
សំឡេង « ខ្ញុំស្នើឲ្យយកចិត្តទុកដាក់នូវវិធានការ ទាំងឡាយដែលយើងត្រូវប្រកាន់យកនៅពេល ខាងមុខទៅលើការពង្រឹង ការអនុវត្តច្បាប់ ដោយរាប់ទាំងវិធានការនានា ដែលដាក់ចេញសម្រាប់ដំណើរការទៅមុខ កែវិសោធកម្មច្បាប់បានក៏ធ្វើទៅវិសោធកម្មធ្វើអ្វីបានគឺធ្វើ” ។ ខ្ញុំលើកឧទាហរណ៍ ថ្ងៃមុននៅក្នុងការប្រជុំគណបក្សខ្ញុំលើកឧទាហរណ៍ ឥឡូវអ្នកបើបរតែងមានប័ណ្ណបើកបរ អ្នកឯងខុសម្ដងខ្ញុំកិប១ ផាកពិន័យប៉ុន្មាន ផាកហើយកិបទៀត ឲ្យដឹងអិចឹងគឺនគរបាលគ្រប់ទីកន្លែងគឺដឹងថា អ្នកដែលបានកិបហ្នឹង គឺអ្នកហ្នឹងបានបំពានម្ដងហើយ ដល់ខុសលើកទី២ត្រូវផាកប៉ុន្មាន បើគេឃើញថា មានកិបមួយហើយ ផាកលើកទី២ត្រូវផាកឌុប ។ ឧទាហរណ៍ថាផាកលើកទីមួយ ៤០ម៉ឺនរៀលកិប១ ផាកលើកទី២ឃើញទៅបំពានមួយកន្លែងទៀត គេឃើញកិបលើកទី២ ចឹងគេដំឡើងការផាកដល់ទៅ៨០ម៉ឺន មួយជាពីរកិបមួយ ដល់ទៅបំពានលើកទីបី ផាកឌុប បានសេចក្ដីថា ពី៨០ម៉ឺនទៅ១៦០ម៉ឺន(១លាន៦សែនរៀល)កិបលើកទី៣ គឺបានសេចក្ដីថា ដល់ឱកាសដកសិទ្ធិ ដកសិទ្ធិ មិនឲ្យបើកបរថា ១ឆ្នាំឬ២ឆ្នាំអត់ឲ្យអ្នកឯងបើកបរតទៅទៀតទេ ដល់ទៅគ្រប់២ឆ្នាំឬគ្រប់១ឆ្នាំ ចាំយើងឲ្យសិទ្ធិបើកបរឡើងវិញ។ ក្នុងរយៈពេលហ្នឹង គាត់ឲ្យកូនគាត់ គាត់ឲ្យមិត្តភ័ក្រគាត់ ឲ្យអ្នកណាជួយបើកសិនទៅ ព្រោះបើគាត់បើក គាត់អាងតែលុយដើរទៅបុក ដល់អញ្ចឹងខ្ញុំថា វិធីនេះខ្ញុំគាំទ្រឲ្យធ្វើវិធីនេះគ្រាន់តែពិភាក្សាគ្នាមើលទៅ តើពេលដែលយើងកាត់សិទ្ធតើប៉ុន្មានដែលពេលដែលយើងកាត់សិទ្ធ ត្រឹម៣ដង រឺ ៤ដង រឺ៥ដង ពិភាក្សាគ្នាទៅ ។ ហើយការកាត់សិទ្ធិនោះទៀត កាត់សិទ្ធិ១ឆ្នាំ២ឆ្នាំរឺកាត់សិទ្ធិរយៈពេលប៉ុន្មាន ?ប៉ុន្តែត្រូវតែមាន បើមិនអញ្ចឹងបំពានរហូតអាងទឹកលុយ នៅតែបំពានរហូតអត់រៀងទេ » ៕