ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសហាមដាច់ខាតមិនឲ្យមន្ដ្រីថ្នាក់ជាតិ ទៅដណ្ដើមតំណែងមន្ដ្រីថ្នាក់ក្រោមជាតិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ21,02,2020៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសហាមយ៉ាងដាច់ខាត មិនឲ្យមន្ដ្រីថ្នាក់ជាតិ (ថ្នាក់ក្រសួង) ទៅដណ្ដើមតំណែងមន្ដ្រីថ្នាក់ក្រោមជាតិ (ខេត្ត ក្រុង ស្រុក ខណ្ឌ) នៅពេលមានការផ្លាស់ប្ដូរណាមួយនោះទេ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតនិងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ កាលរសៀលថ្ងៃទី២០ កុម្ភះ ឆ្នាំ២០២០ បានសង្កត់ធ្ងន់ថា មានការផ្លាស់ប្ដូរណាមួយនៅថ្នាក់ក្រោមជាតិ ត្រូវជ្រើសរើសមន្ដ្រីក្នុងមូលដ្ឋានតែម្ដង ដើម្បីជាការលើកទឹកចិត្ត និងបំបាត់ភាពច្រណែន ឬភាពរញ៉ែរញ៉ៃ។ សម្ដេចតេជោ បញ្ជាក់ថា ការតែងតាំងមន្ដ្រីណាម្នាក់នៅថ្នាក់ក្រោមជាតិ ត្រូវតែមានការឯកភាពគ្នារវាងក្រុមប្រឹក្សា និងគណៈអភិបាល ដើម្បីដាក់មករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប៉ុន្ដែការស្នើតែងតាំងនេះ ក៏ត្រូវតែយោងទៅលើសំណូមពរចាំបាច់នៅមូលដ្ឋាន។ សម្ដេចតេជោ អះអាងថា ការធ្វើបែបនេះ គឺដើម្បីរដ្ឋបាលដំណើរការល្អ គ្មានការបែកបាក់។
សំឡេង ៖ ខ្ញុំនៅតែទទូចមិនឲ្យបោះមន្ដ្រីថ្នាក់ជាតិ ចុះទៅដណ្ដើមកន្លែងមន្ដ្រីថ្នាក់មូលដ្ឋាន កុំឲ្យបោះពីលើ ទុកឱកាសឲ្យខាងមូលដ្ឋានគេរៀបចំមន្ដ្រីគេ លើកនេះខ្ញុំនិយាយឲ្យបានច្បាស់ជាចំហរ អំពីការមិនយកថ្នាក់ជាតិ ទៅដណ្ដើមកន្លែងរបស់មន្ដ្រីនៅមូលដ្ឋាន បើមិនចឹង អ្នកយកផ្កាយពាក់ៗពេញស្មា ហើយបន្ទាប់ទៅ ចង់ទៅធ្វើអភិបាលស្រុក ចង់ទៅធ្វើអភិបាលខេត្ត ចង់ទៅធ្វើអភិបាលរងខេត្ត ហើយចង់ទៅធ្វើនេះចង់ទៅធ្វើនោះ ចឹងទេមកថ្នាក់ជាតិមកយកផ្កាយ មកយកឋានៈថ្នាក់ឧត្តមមន្រ្តី មកយកឋានៈវរៈមន្ត្រី រួចហើយទៅដណ្តើមនៅឯមូលដ្ឋាន ដូចជានៅខេត្ដស្វាយរៀង ខ្ញុំនៅតែរំលឹក មានការស្នើដាក់មន្ដ្រីយោធាម្នាក់ពីខាងលើ ទៅធ្វើជាអភិបាលរងខេត្ត ខ្ញុំមិនព្រម ចឹងទីចុងបំផុតយកអភិបាលក្រុងបាវិតមកធ្វើបានខ្ញុំព្រម។ ខ្ញុំគិតថាអស់លោកខេត្តទាំងឡាយអរទៅវិញទេ តែខ្ញុំសូមអង្វរករមន្រ្តីនៅថ្នាក់ជាតិ សុំកុំទៅដណ្តើមតំណែងនៅឯមូលដ្ឋាន។
សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា ការសម្រេចចិត្តបែបនេះ នឹងធ្វើឲ្យមន្ដ្រីនៅថ្នាក់ក្រោមជាតិសប្បាយចិត្ត និងមានកម្លាំងចិត្តដើម្បីធ្វើការងារ។ ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការដែលត្រូវតែឯកភាពគ្នារវាងប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ដើម្បីធ្វើការតែងតាំង មន្ដ្រីណាមួយនោះ គឺជាការលុបបំបាត់មន្ដ្រីឡេមឡឺមតែងតែរត់ទៅអែបអ្នកនេះអ្នកនោះ ដែលមានសិទ្ធិស្នើតែងតាំងដើម្បីបានតំណែង។ សម្តេចតេជោ បន្ថែមថា ពេលនេះមិនមែនជាពេល អន្តរាគមន៍ដើម្បីតួនាទីនោះទេ គឺជាពេលត្រូវមើលលើប្រសិទ្ធភាពការងារ៕