សម្តេចតេជោ ព្រមានដកតំណែងគណៈអភិបាលរាជធានី-ខេត្តណាដែលមិនចូលរួមប្រជុំក្រុមប្រឹក្សាភិបាល ដោយអវត្តមាន៣ដងគ្មានមូលហេតុ

វិទ្យុជាតិកម្ពុជា៖ ស្រីផល ២១,០២,២០២០៖

សម្តេចតេជោ ព្រមានដល់គណៈអភិបាលរាជធានី-ខេត្តណា ដែលមិនចូលរួមប្រជុំក្រុមប្រឹក្សាភិបាល ដោយអវត្តមានចំនួន៣ដង គ្មានមូលហេតុ នឹងត្រូវដកចេញពីតំណែង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី ២០ខែកុម្ភៈ២០២០ បានបញ្ជាក់ថា អភិបាលខេត្ត រាជធានីទាំងអស់ក្នុងការប្រជុំក្រុមប្រឹក្សាភិបាល មិនត្រឹមអវត្តមាន បើអវត្តមានតែ៣ដង និងដកចេញពីតំណែងជាដាច់ខាត ។ សម្តេចតេជោ ក៏បានកំណត់ឱ្យយកថ្ងៃព្រហស្បតិ៍ នៃសប្តាហ៍ទី៤ ក្នុងខែនីមួយៗ ដើម្បីប្រជុំរវាងក្រុមប្រឹក្សា និងគណៈអភិបាល គឺមុនមួយថ្ងៃនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។សម្តេចតេជោ បានជំរុញឱ្យ អភិបាលរាជធានី-ខេត្ត និងក្រុមប្រឹក្សារាជធានី-ខេត្ត ធ្វើការជាមួយគ្នាប្រកបដោយគណនីភាពផងដែរ។
សម្លេង៖ ប្រធានក្រុមប្រឹក្សាភិបាល ប្រសិនបើអភិបាលខេត្តរឺអភិបាលរាជធានី មិនព្រមចូលរួមប្រជុំក្រុមប្រឹក្សា ៣ដងជាប់គ្នាដោយគ្មានមូលហេតុ គឺរាយការណ៍មកខ្ញុំៗនិងដកចេញពីតំណែង មិនទុកទេ ព្រោះនេះចូលទៅក្នុងជម្ងឺបែងចែក ហើយដែលខុសនិងបទដ្ឋានផ្លូវច្បាប់តែម្តង ក៍ប៉ុន្តែខ្ញុំហាមដាច់ខាតអត់ឲ្យអវត្តមានអភិបាលខេត្ត ព្រោះអភិបាលខេត្តរាជធានី ត្រូវធ្វើគណនីភាពជាមួយក្រុមប្រឹក្សា កាលពេលដែលយើងធ្វើសេចក្តីព្រៀងច្បាប់ គេស្នើឲ្យក្រុមប្រឹក្សាធ្វើគណនីភាពជាមួយសភាជាតិ ប៉ុន្តែយើងយើងឲ្យក្រុមប្រឹក្សាធ្វើគណនីភាពជាមួយរាជរដ្ឋាភិបាល។ ចឹងខ្ញុំសូមដាស់តឿនស្រុកក៍ដូចគ្នាដែរ ស្រុកក៍មានក្រុមប្រឹក្សា ក្រុមប្រឹក្សានេះវាប្រៀបដូចជាសភាខេត្ត សភាស្រុក សភាខណ្ឌចឹង ហើយជាពិសេសប្រធានក្រុមប្រឹក្សា និងប្រធានខេត្តដូចជាសហប្រធាន ក្នុងការពិគ្រោះកិច្ចការចាំបាច់ ជួនកាលដឹកដៃគ្នាចូលប្រជុំតែ២នាក់ មុននិងដាក់ការប្រជុំ របៀបធ្វើការបែបនេះទើបមានសាមគ្គីភាព ហើយដោះស្រាយបានបញ្ហា បើមិនចឹងទេនិងមានការបែកជម្ងឺបែកបាក់។