ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ យកគោលនយោបាយភូមិឃុំមានសុវត្ថិភាព អនុវត្តន៍ឲ្យបានល្អ ជារបៀបវារៈគោល

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២១ ០២ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ យកគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព អនុវត្តន៍ឲ្យបានល្អ ដើម្បីធានាឲ្យបាននៅបទល្មើសផ្សេងៗមានការថយចុះ នៅក្នុងសង្គមកម្ពុជា។
ថ្លែងនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩និងទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ខិតខំអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដោយអនុវត្តន៍ឲ្យបានល្អជារបៀបវារៈគោល គ្មានអ្វីសំខាន់ក្រៅពីនេះទេ ព្រោះអ្វីៗសុទ្ធតែកើតឡើងពីមូលដ្ឋានមកមុនគេ ។
សម្តេចតេជោ បានបន្តថា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ឲ្យកាន់តែសកម្មផុលផុស ដើម្បីជំរុញចលនាប្រជាជនចូលរួមជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ បង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់អាវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ការកាប់ឈើ និងការនិន្ទ្រាល កាន់កាប់ដីធ្លីខុសច្បាប់ បទល្មើសនេសាទ អាជីវកម្មរ៉ែ និងអាជីវកម្មខ្សាច់ខុសច្បាប់ និងប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ជាដើម ឲ្យមានប្រសិទ្ធភាព ។ជាពិសេសត្រូវបង្កើតវេទិការសាធារណៈក្នុងមូលដ្ឋាន ទើបមានទំនាក់ទំនងគ្នារវាងប្រជាជននិងមន្រ្តីយើង ក្នុងការស្វែងរកបញ្ហាដែលត្រូវដោះស្រាយ ព្រោះបច្ចុប្បន្ននេះប្រជាជនយើងមិនដូចមុនទេ ប្រជាជនមិនត្រូវការសារុង ក្រមា អង្ករ នោះទេ ឥឡូវនេះប្រជាជនយើងត្រូវការធានាសុវត្ថិភាពជូនពួកគាត់។
សំឡេង៖ ”ខ្ញុំឲ្យចលនានេះក្លាយជាចលនារួមរបស់យើងទាំងអស់គ្នា ហើយកិច្ចការស្នូលរបស់យើងក្នុងដំណើរទៅមុខនេះ គឺត្រូវប្រមូលផ្ដុំធ្វើយ៉ាងម៉េចអនុវត្តឲ្យបានល្អបំផុត នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព វេទិកាថ្នាក់ក្រោមជាតិ ជាមួយនឹងវេទិកាថ្នាក់សាធារណៈរបស់ថ្នាក់ក្រោមជាតិ គឺត្រូវផ្ដោតអារម្មណ៍ទៅលើបញ្ហាទាក់ទងជាមួយនឹងបញ្ហាភូមិឃុំមានសុវត្ថិភាពនេះ ព្រោះវាមិនលើសពីកម្រិតសមត្ថភាពដែលអស់លោកអាចធ្វើបានទេ ចាប់យកអាហ្នឹងមកធ្វើជាចំណុចស្នូល ធ្វើជារបៀបវារៈនៃវេទិកាសាធារណៈតែម្ដងទៅ រួចហើយយើងតាមដានអនុវត្តអាហ្នឹង ព្រោះគ្មានឧក្រិដ្ឋកម្ម មួយដែលវាមិនបានកើតឡើងនៅទឹកដីភូមិទេ ទីតាំងមជ្ឈិមក៏ដោយ ទីតាំងខេត្តក៏ដោយ ទីតាំងស្រុកក៏ដោយ ទីតាំងឃុំក៏ដោយ វានៅនឹងភូមិហ្នឹងឯង ទឹកដីរបស់ភូមិ ដូចជាទីកន្លែងដែលយើងកំពុងនៅនេះ វាស្ថិតនៅក្នុងភូមិមួយ ភូមិណាមួយនោះរបស់សង្កាត់ អញ្ចឹងទេចំណុចនេះគឺជាចំណុចស្នូលនៃការដោះស្រាយ ព្រោះវាកើតឡើងរឿងគ្រឿងញៀនក៏នៅក្នុងមូលដ្ឋាន ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ជួញដូរមនុស្សនៅក្នុងមូលដ្ឋាន ហិង្សាក៏នៅមូលដ្ឋាន ដូច្នេះបើសិនជាយើងចាប់យកចំណុចនេះធ្វើជាចំណុចស្នូលគឺសកម្មភាពយើងមិនបែកខ្ញែកទេ មិនងាកទៅលិចបន្តិច ទៅកើតបន្តិច។ យើងយកអាហ្នឹងធ្វើប្រធានបទថ្នូរ សម្រាប់ដោះស្រាយបញ្ហាទៅមុខ។ យើងដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រឹមត្រូវហើយ ប៉ុន្តែឥឡូវអ្វីដែលជាការនៅខ្វះ នៅត្រង់ថាយើងមិនបានខ្ជាប់នូវគន្លឹះ នៃកូនសោរនេះហើយយើងងាកទៅឆ្វេងតិចទៀតទៅស្ដាំបន្តិច គេហៅថាចាប់នេះចាប់នោះមិនឆ្ពោះទៅណា អញ្ចឹងទេនៅពេលដែលយើងជជែកពិភាក្សាជាមួយនឹងប្រជាពលរដ្ឋ ដើម្បីរកវិធីដោះស្រាយបញ្ហានោះ វានឹងលេចឡើងនូវបន្តិរបស់ប្រជាពលរដ្ឋថាតើគួរធ្វើបែបណា? ហើយពួកគាត់នឹងចូលរួមជាមួយយើងបើគាត់មិនសហការជាមួយយើងទេ សុវត្ថិភាពរបស់ពួកគាត់ក៏មិនត្រូវបានធានាថាយើងអាចអនុវត្តនូវកិច្ចរបស់យើង ក៏មិនបានដែរ។ ដូច្នេះទាល់តែមានទំនាក់ទំនងរវាងយើងជាមួយនឹងពួកគាត់ ទើបយើងអាចដោះស្រាយបានបញ្ហា ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នា យកបញ្ហានេះធ្វើជាបញ្ហាស្នូល ដើម្បី ធ្វើឲ្យស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមរបស់យើងប្រសើរឡើង”។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃ និងមន្រ្តីគ្រប់ជាន់ថ្នាក់ដែលបានបំពេញភារកិច្ចបំរើប្រជាពលរដ្ឋបានល្អ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានកោតសរសើរមន្រ្តីកងកំលាំងប្រដាប់អាវុធដែលបានការពារជាតិ និងប្រជាជនមិនឲ្យមានបដិវត្តន៍ពណ៌ក្នុងផ្ទៃប្រទេសរក្សាបាននូវសុខសន្តិភាព៕