ក្រសួងពាណិជ្ជកម្មថៃ រៀបចំកម្មវិធីផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅភ្នំពេញថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ០២ ២០២០៖

ក្រសួងពាណិជ្ជកម្មថៃ រៀបចំកម្មវិធីផ្សព្វផ្សាយផលិតផលរបស់ខ្លួន នៅភ្នំពេញ ថ្ងៃស្អែកនេះ ដើម្បីជំរុញការនាំចូល ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានដឹងថា កម្មវិធីផ្សព្វផ្សាយផលិតផលថៃនៅកម្ពុជាមានដូចជា ម្ហូបអាហារ និងភេសជ្ជៈ ដែលនឹងធ្វើឡើងនៅផ្សារម៉ាក្រូសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ រហូតដល់ ថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០ ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៩យប់ ។
កម្មវិធីផ្សព្វផ្សាយនេះ នឹងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋរីករាយជាមួយការទិញផលិតផលថៃ ជាច្រើនមុខជាមួយការបញ្ចុះតម្លៃពិសេសហើយថែមទាំងអាចទស្សនាការចម្អិននិងភ្លក់ម្ហូបថៃឆ្ងាញ់ៗ ពីភោជនីយដ្ឋានថៃ ដែលទទួលបានស្លាកសញ្ញាបញ្ជាក់លើគុណភាពមុខម្ហូបថៃ Thai Select ថាជាភោជនីយដ្ឋានដែលមានម្ហូបថៃឈ្ងុយឆ្ងាញ់ផងដែរ ។
ប្រភពដែលបានបញ្ជាក់ថា រាល់ចំណាយចាប់ពី ១០ដុល្លារឡើងទៅ នៅក្នុងកម្មវិធីនេះ នឹងទទួលបានឆ្នោតផ្សងសំណាង ១សន្លឹក សម្រាប់ឱកាសឈ្នះរង្វាន់ជាសម្ភារៈប្រើប្រាស់ជាច្រើនមុខ៕