ក្រសួងសុខាភិបាលប្រកាសពីការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ស្តីពីសុខភាពអ្នកដំណើរតាមនាវា Westerdam ដែលនៅសេសសល់សរុបទាំងអស់១៥៨០នាក់

វិទ្យុជាតិកម្ពុជា៖ ស្រីផល ២១,០២,២០២០៖

ក្រសួងសុខាភិបាល ប្រកាសពីការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ ស្តីពីសុខភាពអ្នកដំណើរតាមនាវា Westerdam ដែលនៅសេសសល់ សរុបទាំងអស់១៥៨០នាក់ ទាំងរាជធានីភ្នំពេញនិង ខេត្តព្រះសីហនុ ត្រូវបានធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមាន ពីវីរុសកូរ៉ូណាថ្មី។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សំណាកអ្នកដំណើរតាមនាវាទេសចរWesterdam សេសសល់សរុបចំនួន ៨០៤នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផលអវិជ្ជមាន ពីវីរុសកូរ៉ូណាថ្មី, សំណាកអ្នកដំណើរតាមនាវាទេសចរWesterdam ចំនួន២០នាក់ ដែលបានធ្វើតេស្តកាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ ទទួលបានលទ្ធផលអវិជ្ជមាន ពីវីរុសកូរ៉ូណាថ្មី ,សំណាកអ្នកបម្រើការលើនាវាទេសចរ Westerdam សរុបចំនួន៧៧៦នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ទទួលបានលទ្ធផលអវិជ្ជមាន ពីវីរុសកូរ៉ូណាថ្មី, ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរ និងអ្នកបម្រើការទាំងអស់ដែលនៅសេសសល់ នៅលើនាវាទេសចរនេះ មិនមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកឡើងកម្តៅខ្លួនឡើយ។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តការប្រុងប្រយ័ត្ន និងធ្វើអនាម័យជាស្តង់ដា ដើម្បីកាត់បន្ថយការប៉ះពាល់ និងការចម្លងជម្ងឺមួយចំនួន។ ការប្រុងប្រយ័ត្នរួមមាន អនាម័យដៃជាប្រចាំដោយលាងសំអាតឲ្យបានញឹកញាប់ជាមួយនិងសាប៊ូ និងទឹកស្អាត ឬអាល់កុលសម្រាប់លាងដៃ ឬទឹកជេលលាងដៃ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយប្រើម៉ាស់ កន្សែង ក្រម៉ា ឬក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងជៀសវាងការទាក់ទងជិតស្និទ្ធជាមួយអ្នកណាម្នាក់ ដែលមានរោគសញ្ញាផ្លូវដង្ហើមដូចជា ក្អក និងកណ្ដាស់ជាដើម។
ឯកឧត្តមបន្តថា បើលោកអ្នកគិតថាអាចមានប៉ះពាល់ជាមួយអ្នកមានវីរុសថ្មី ឬបានឆ្លងរោគនេះ ហើយមានគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលអោយបានឆាប់រហ័ស និងផ្តល់ព័ត៌មានអំពីប្រវត្តិធ្វើដំណើរពីមុនៗ ដល់គ្រូពេទ្យដែលផ្តល់សេវាថែទាំសុខភាព៕