រដ្ឋមន្ត្រីសាធារណការ ថា ស្ត្រីឱបសម្តេចតេជោពុំមែនជាស្ត្រីដែលសង្ស័យមានផ្ទុកវីរុសCovid-19នោះទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ស្ត្រីដែលឱបសម្តេចតេជោ ក្រោយចុះពីនាវាទេសចរណ៍Westerdamនោះ ពុំមែនជាស្ត្រីដែលសង្ស័យថាមានផ្ទុកវីរុសCovid-19នោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលនឹងប្រពឹត្ដទៅនៅថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ត្រីដែលក្រសួងសុខាភិបាលម៉ាឡេស៊ី រកឃើញមានផ្ទុកវីរុសCovid-19នោះ ពុំមែនជាស្ត្រីដែលឱបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអំឡុងពេលសម្តេចតេជោអញ្ជើញទៅទទួលស្វាគមន៍ សម្រាប់ថ្ងៃដំបូងនៃការអនុញ្ញាតឲ្យអ្នកដំណើរចុះនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិកនៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីបន្តដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្រាប់ទិសដៅធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនោះឡើយ។
ឯកឧត្តម បន្តថា ស្រ្តីអាមេរិកដែលក្រសួងសុខាម៉ាឡេស៊ីរកឃើញមានផ្ទុកវីរុសCovid-19ក្រោយពីចាកចេញពីកម្ពុជាហើយបន្តដំណើរទៅដល់ប្រទេសម៉ាឡេស៊ីនោះ ពុំបានចុះពីនាវានៅកំពង់ផែខេត្តព្រះសីហនុនាពេលព្រឹកនោះទេ ដោយស្ត្រីរូបនោះ ត្រូវបានអនុញ្ញាតឲ្យចុះនៅពេលរសៀល ក្នុងចំណោមទេសចរផ្សេងទៀត។ ឯកឧត្តម អះអាងថា រាល់ទេសចរដែលមាននៅក្នុងនាវា រួមទាំងនាវិកផង ត្រូវបានត្រួតពិនិត្យ និងធ្វើរោគវិនិច្ឆ័យរកវីរុសCovid-19ទាំងអស់ ដោយលទ្ធផលពុំត្រូវបានរកឃើញមនុស្សណាម្នាក់មានផ្ទុក ឬឆ្លងជំងឺដ៏កាចសាហាវនោះឡើយ៕