សេចក្តីថ្លែងការណ៍រួមបង្ហាញអំពីការឆ្លើយតបរបស់អាស៊ាន ចំពោះបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ ដែលបាន​ចេញផ្សាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) បានបង្ហាញអំពីការឆ្លើយតបរបស់បណ្តាប្រទេសជាសមាជិក​ចំពោះបញ្ហាសន្តិសុខមិនមែនប្រពៃណី ជាពិសេសនៅពេលមានការរីករាលដាលនៃជំងឺ COVID-19 ដែលគ្មានប្រទេសណាមួយអាចដោះ​ស្រាយបាននៅឡើយ។

ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយនាយឧត្តមសេនីយ៍  Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ​ក្រសួងការពារជាតិវៀតណាម បន្ទាប់ពីកម្មវិធី ADMM Retreat ដែលបានធ្វើឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Trung បាននិយាយថា សេចក្តីថ្លែងការណ៍នេះត្រូវបានវាយតម្លៃខ្ពស់ ដោយមិនត្រឹមតែប្រទេសអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមរបស់ដៃគូប្លុកនៅក្នុងយន្តការ ADMM Plus ផងដែរ។ ជាមួយគ្នានេះដែរ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បាននិយាយថា សេចក្តីថ្លែងការណ៍នេះត្រូវបានព្រមព្រៀងគ្នាក្នុងពេលវេលាដ៏ខ្លីគួរឱ្យកត់សម្គាល់ គឺតិចជាងរយៈពេល ២ថ្ងៃ។

លោក Trong បានកត់សម្គាល់ថា នេះជាការបង្ហាញអំពីភាពវាងវៃ និងការឆ្លើយតបរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ាន ដូច្នេះនេះជាការឆ្លើយតបរបស់ប្រជាជនអាស៊ានដែលរំពឹងថា ការរីករាលដាលនៃជំងឺនេះនឹងត្រូវបានកាត់បន្ថយក្នុងពេលឆាប់ៗនេះ។

លោកឧត្តមសេនីយ៍ Vu Chien Thang ប្រធាននាយកដ្ឋានទំនាក់ទំនងផ្នែកខាងក្រៅនៃក្រសួងការពារជាតិវៀតណាមបាននិយាយថា សេចក្តីថ្លែងការណ៍រួមនេះ គឺជាលទ្ធផលនៃការចូលរួមវិភាគទានយ៉ាងសំខាន់របស់ប្រទេសវៀតណាមចំពោះកម្មវិធី ADMM Retreat ។

លោកបាននិយាយថា ដោយប្រឈមនឹងការផ្ទុះឡើងនៃជំងឺ COVID-19  ទីភ្នាក់ងាររបស់ក្រសួងបានពិគ្រោះយោបល់យ៉ាង​សកម្មជាមួយប្រទេសដទៃ​ទៀតអំពីសេចក្តីថ្លែងការណ៍នេះ ជាពិសេសប្រទេសសិង្ហបុរី និងកម្ពុជា ដែលបានបង្ហាញពីបំណងប្រាថ្នារបស់​ខ្លួនក្នុងការចូលរួមសហ​ឧបត្ថម្ភគំនិតផ្តួចផ្តើមនេះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)