វៀតណាមរក្សាកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេស ​វៀតណាមបាននិយាយថា ប្រទេសវៀតណាមនឹងបន្តតាមដាន និងវាយតម្លៃផលប៉ះពាល់ដែលសហរដ្ឋ អាមេរិកបានដក​ប្រទេស​វៀតណាមចេញពីបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍ក្រោមច្បាប់ ស្តីពីកាតព្វកិច្ចប្រឆាំងរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា វៀតណាមនឹងរក្សាកិច្ចសន្ទនា និងបន្តការសម្របសម្រួលវិធានការជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីប្រកបដោយសុខដុម និងប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។

លោកបានធ្វើសេចក្តីថ្លែងការណ៍នេះឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការឆ្លើយតបរបស់វៀតណាមចំពោះការ​ផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក។

ដោយកត់សម្គាល់ថា ប្រទេសវៀតណាមនៅតែទទួលបានផលប្រយោជន៍ពីឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងក្រប​ខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Viet បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិកត្រូវបានអភិវឌ្ឍន៍ប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃ​ប្រមាណជិត ៧៨ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៩ ដែលកើនឡើងបាន ២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបាននិយាយបន្ថែមថា សហរដ្ឋអាមេរិកបានរក្សាជំហររបស់ខ្លួនជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសវៀតណាម ខណៈដែលប្រទេសវៀតណាមស្ថិត​ក្នុងចំណោមទីផ្សារនាំចេញដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់សហរដ្ឋអាមេរិក៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)