អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយពង្រឹងវិស័យអប់រំនៅទីជនបទ

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ានគឹមហឿនខេត្តស្ទឹងត្រែង
M.Cអាជ្ញាធរស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែង បានបង្កើនដល់ការពង្រឹងវិស័យអប់រំបន្ថែមនៅភូមិឬទ្ធីសែនជ័យ ២ ដើម្បីជួយឲ្យវិស័យនេះកាន់តែរីកចំរើនឡើងក្នុងពេលដែលរាជរដ្ឋាភិបាលនិងអង្គការដៃគូបានសាងសង់សាលារៀនថ្មីៗបានល្អនៅជិតផ្ទះប្រជាពលរដ្ឋ ។
លោកលី ម៉ណាអភិបាលស្រុកបុរីអូរ
ស្វាយសែនជ័យខេត្តស្ទឹងត្រែង ចាត់ទុកការរៀបចំឱ្យមានរចនាសម្ព័ន្ធសាលារៀនថ្មីនេះជាយន្តការមួយលើកទឹកចិត្តដល់មាតាបីតានិងសិស្សានុសិស្សនៅតំបន់នេះឱ្យយកចិត្តទុកដាក់ផ្តល់ឱកាសឱ្យកូនទៅសាលារៀនឱ្យបានដិតដល់និងបញ្ជូនកូនឱ្យទៅរៀនបានគ្រប់ៗគ្នា។
លោកថា៖នេះជាកាតព្វកិច្ចមួយក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំព្រោះពេលកូនចៅទៅរៀនបញ្ជាប់ថ្នាក់បឋមនិងអាចទៅរៀនបន្តអនុវិទ្យល័យនិងវិទ្យាល័យថែមទៀត។
លោកសែម សារឿន មេភូមិឬទ្ធីសែនជ័យ២ បានបញ្ជាក់ថា៖បន្ទាប់ពីសាងសង់សាលានេះហើយ អាជ្ញាធរនិងទៅណែនាំបន្ថែមដល់ប្រជាពលរដ្ឋជាមាតាបីតាសិស្សរស់នៅតំបន់នេះជំរុញកូនឱ្យបានទៅរៀនឱ្យបានច្រើនជាងការប្រើប្រាស់កូនជួយការងារផ្ទះ។ លោកទទួលស្គាល់ថា៖បងប្អូនប្រជាពលរដ្ឋយើងនៅទីជនបទមានជីវភាពខ្វះខាតហើយនាំគ្នាប្រឹងប្រែងប្រកបរបរកសិម្មត្រូវការកម្លាំងពលកម្មច្រើនដើម្បីកែប្រែជីវភាព រស់នៅ តែក៍ត្រូវជួយកូនឱ្យរៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់ ដែរ។
កញ្ញាម៉ូ នីតា គ្រូបង្រៀននៅសាលា បឋមសិក្សាភូមិឬទ្ធីសែនជ័យ នេះបានកត់សំគាល់ថា៖កន្លងមកនៅភូមិឧបសម្ព័ន្ធនេះឳពុកម្តាយខ្លះមិនបានឱ្យកូនមករៀនជាប់ត្រឹមត្រូវទេដោយសាតែកត្តាជីវភាពទុកកូនឱ្យនៅជួយការងារនៅផ្ទះ។
កញ្ញាសន្យាថា៖ពេលបានសាលារៀនថ្មីវាជាចំណែកមួយជួយប្រជាពលរដ្ឋនៅទីជនបទបានជំរុញកូនមករៀន ហើយលោកគ្រូអ្នកគ្រូនិងប្រឹងប្រែងបង្រៀនកូនចៅប្រជាពលរដ្ឋយើងឱ្យមានចំណេះដឹងកាន់តែល្អជាងនេះព្រោះសាលារៀនថ្មីមានស្តង់ដា ងាយ ស្រួលបង្រៀនជាងសាលាសហគមន៍។
សូមបញ្ជាក់ថា៖ ភូមិឬទ្ធីសែនជ័យ២ ស្រុកបុរីអូស្វាយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ចំងាយពីទីរួមខេត្តប្រមាណជាង៥០គីឡូម៉ែត្រដែលប្រជាពលរដ្ឋរស់នៅជាង២៥០ គ្រួសារបច្ចុប្បន្នមានសិស្សចំនួន១៥៩ នាក់សិស្សស្រី៧៦ នាក់រៀនចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ចំណែកសាលារៀនថ្មីសាងសង់បាន៦០% ហើយ៕