ក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបង្កើតកម្មវិធីទទួលពាក្យបណ្តឹងតាមអនឡាញនៅឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា
MC៖ ក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបង្កើតកម្មវិធីទទួលពាក្យបណ្តឹងតាមអនឡាញរួមទំាងបណ្ណាល័យអេឡិចត្រូនិកនៅឆ្នាំ២០២០នេះដើម្បីឲ្យប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងនិងមើលឯកសារច្បាប់កាន់តែងាយស្រួល។

ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា ក្នុងដំណាក់កាលនៃកាវិវត្តវិស័យឌីជីថលនិងដើម្បីបំរើសេវាកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ក្រសួងបានតម្លើងកម្មវិធីទទួលពាក្យបណ្តឹងតាមអនឡាញ និងគ្រោងដាក់ឱ្យប្រើប្រាស់បណ្ណាល័យ អេឡិចត្រូនិចដែលប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹង និងមើលឯកសារច្បាប់នានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបានបញ្ជាក់ថា យន្តការនេះក៏ពង្រឹងប្រសិទ្ធភាពក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេតស្រាវជ្រាវពាក្យបណ្តឹងនិងការតាមដានការអនុវត្តច្បាប់តាមរយៈការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។
សំលេង«ការរៀបចំទទួលពាក្យបណ្តឹងតាមអនឡាញគឺជាផែនការចាំបាច់ដំបូងត្រូវអនុវត្តន៍នៅឆ្នាំ២០២០នេះលោកជំទាវឧបនាយករដ្ឋមន្ត្រីបានជម្រាបហើយជម្រាបទៀតមន្ត្រីជំនាញទាំងអស់នៅក្នុងកិច្ចការនេះត្រូវអនុវត្តន៍ឲ្យបានប្រសិទ្ធភាពទៅតាមលិខិតបទដ្ឋានយុទ្ធសាស្ត្រនានា។ ការរៀបចំទទួលពាក្យបណ្តឹងតាមអនឡាញនិងបណ្ណាល័យអេឡិចត្រូនិកហើយយើងមានការរៀបចំជូនទៅដល់សារធារណៈជនទាំងអស់អាចដាក់ពាក្យបណ្តឹងបានទៅកាន់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តាមរយៈផេករបស់ក្រសួងឬតាមប្រព័ន្ធវេបសាយរបស់ក្រសួងចូលមើលបានគ្រប់បណ្តឹងទាំងឡាយនៅពេលអនាគតនេះមន្ត្រីជំនាញរបស់យើងក៏បានរៀបចំឲ្យទាន់ពេលវេលា។»
សូមបញ្ជាក់ថា រាល់ពាក្យបណ្តឹងដែលបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយ ត្រូវតាមដាន ស៊ើបសួរព័ត៌មានអំពីវឌ្ឍភាព នៃការដោះស្រាយឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា រួចជូនព័ត៌មានទៅដើមបណ្តឹងវិញ៕