អ្នកជំងឺវីរុស COVID-19 នៅប្រទេសចិនសរុបជា១៦,០០០នាក់បានជាសះស្បើយ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅប្រទេសចិនសរុបចំនួន ១៦,១៥៥នាក់ហើយដែលជាសះស្បើយទាំងស្រុង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ២០ ខែកម្ភៈ ឆ្នាំ ២០២០។
របាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា កាលថ្ងៃពុធម្សិលមិញនេះ មានអ្នកជំងឺចំនួន១,៧៧៩នាក់បន្ថែមទៀត បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយ ដូច្នេះចំនួនអ្នកជាសះស្បើយសរុបនៅប្រទេសចិនបានកើនឡើងដល់ ១៦,១៥៥នាក់។
សូមបញ្ជាក់ថាតាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មី ឬ Covid-19) បានកើនឡើងដល់ ២១១៤នាក់ហើយ ខណៈចំនួនអ្នកឆ្លងបានកើនដល់ ៧៤,៥០០នាក់នៅប្រទេសចិន៕
ប្រភព៖ភ្នាក់ងារសារព័ត៌មានចិន ស៊ីុំ។