អគ្គិភ័យឆេះរថយន្តដឹកប្រេងរបស់ស្ថានីយ៍ប្រេងឥន្ធនៈស្រូយរស្មី ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿនខេត្តស្ទឹងត្រែង

អគ្គិភ័យឆេះរថយន្តដឹកប្រេងរបស់ស្ថានីយ៍ប្រេងឥន្ធនៈស្រូយរស្មី ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែងកាលពីវេលាម៉ោង ៨ និង ៣០ នាទីថ្ងៃទី២០ ខែកុម្ភឆ្នាំ២០២០នេះដោយសាតែការធ្វេសប្រហែស។
ស្ថិតក្រោមប្រតិបត្តិការដ៏ក្តៅគគុករបស់សមត្ថកិច្ចនគរ បាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យខេត្តស្ទឹងត្រែង រថយន្តដែលឆេះត្រូវបានរលត់ជាស្ថាពរក្នុងរយៈពេលកន្លះម៉ោងមិនរាល ដាល ដល់ស្ថានីយប្រេងនិងផ្ទះប្រជា ពលរដ្ឋឡើយ។
ប្រភពចេញពីស្ថានីយប្រេងឥន្ធនៈកើតហេតុបានឱ្យដឹងថានៅមុនកើតហេតុរថយន្តម៉ាកកូរ៉េ 2តោនកន្លះ របស់ម្ចាស់ស្ថានីយ៍បានបើកចូលមកបូមប្រេងដាក់កាន ពេលដែលរថយន្តពន្លត់ហើយ តែសង្ស័យនៅក្តៅ និងអាចឆ្លងចរន្តភ្លើងពេលដែលបូមប្រេងដាក់ចូលកាន ស្រាប់តែមានការឆាប់ឆេះតែម្ដងបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានមនុស្សជា ច្រើនចោមរោមមើល ហើយបានរាយការណ៍ទៅដល់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យធ្វើអន្តរាគមន៍ភ្លាមៗ។
ប្រភពបានបន្តឲ្យដឹងទៀតថាក្នុងពេលដែលមានអគ្គិភ័យឆាប់ឆេះរថយន្តយ៉ាងខ្លាំងដែលមិនអាចគ្រប់គ្រងបាននោះ ត្រូវបានរថយន្តអគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្ត ធ្វើការអន្តរាគមន៍ បាញ់ទឹកអស់ចំនួនពីររថយន្ត នៅតែមិនរលត់ទើប ម្ចាស់ស្ថានីយ៍បានយករថយន្ត2គ្រឿងផ្សេងទៀតថយបុករថយន្តដែលឆេះឲ្យឃ្លាតឆ្ងាយកុំឲ្យរាល ដាលឆេះដល់ស្ថានីយប្រេងរបស់ខ្លួន។
តាមសមត្ថកិច្ចបានឲ្យដឹងដែរថាបន្ទាប់ពីប្រើរថយន្តអគ្គីភ័យបាញ់ពន្លត់អស់ប្រមាណជិត 10 រថយន្ត ធ្វើឱ្យមានការអន់ថយនិងបានរលត់ទាំងស្រុងក្នុងរយៈ ពេលតែជាងកន្លះម៉ោងតែប៉ុណ្ណោះ។
ស្ថិតក្រោមស្ថានការណ៍ដ៏ក្តៅគគុកនិងក្រោមការយកចិត្តទុកដាក់អន្តរាគមន៍ពីការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរខេត្តស្ទឹងត្រែងបានធ្វើការពន្លត់បានដោយជោគជ័យមិនបណ្ដាលឱ្យឆេះរាលដាលដល់ស្ថានីយ៍ប្រេងឥន្ធនៈនិងផ្ទះប្រជាពលរដ្ឋនៅជិតខាងឡើយ៕