កិច្ចប្រជុំ APEC ពិភាក្សាអំពីវិធានការប្រឆាំងនឹងជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសជាសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) នឹងជួបគ្នាពិភាក្សាអំពីវិធានការណ៍ដើម្បីទប់ទល់នឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីមេរោគកូរ៉ូណាវីរុសថ្មី (COVID-19) នៅក្នុងកិច្ចប្រជុំនាពេលខាងមុខនេះនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច APEC លោក Dinh Quoc Vinh បាននិយាយថា ពួកគេក៏នឹងនិយាយអំពីផលប៉ះពាល់នៃជំងឺនេះទៅលើសេដ្ឋកិច្ចតំបន់ផងដែរ។

លោក Vinh បាននិយាយបន្ថែមថា មន្ត្រីសុខាភិបាលជាន់ខ្ពស់ក៏នឹងត្រូវធ្វើការកោះប្រជុំផងដែរ ដើម្បីពិភាក្សាអំពីវិធានការទប់​ទល់និងជំងឺនេះ។

លោកបាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ថា លោកសង្ឃឹមថា អ្នកចូលរួមអាចស្វែងរក​វិធានការណ៍ និងការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ APEC រួមបញ្ចូលនូវប្រទេសសេដ្ឋកិច្ចចំនួន ២១ ជាសមាជិកដែលរួមមានប្រទេស​អូស្រ្តាលី​ ប្រ៊ុយណេ កាណាដា ឈីលី ចិន ហុងកុង (ចិន) ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ម៉ិកស៊ិកូ ញូហ្សេឡែន ប៉ាពួញូហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី ចិនតៃប៉ិ ថៃ អាម៉េរិក និងវៀតណាម៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)