អាជ្ញាធរខេត្តត្បូងឃ្មុំជំរុញឲ្យកសិករចងក្រងជាសហគមន៍ដាំបន្លែសុវត្ថិភាព

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី

MC ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ជំរុញឲ្យប្រជាកសិករចងក្រងជាសហគមន៍ដាំបន្លែសុវត្ថិភាព ដើម្បីរៀបចំផែនការដំាដុះឲ្យបានច្បាស់លាស់សំរាប់បំពេញតម្រូវការទីផ្សារ និងមិនខ្លាចថាគ្មានឈ្មួញមកទទួលទិញតទៅទៀត  ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យវិទ្យុជាតិកម្ពុជាដឹងថា មន្រ្តីជំនាញរបស់មន្ទីរកសិកម្មខេត្ត បានចុះណែនាំ បង្ហាត់បង្ហាញ បណ្តុះបណ្តាល និងជំរុញ ប្រជាកសិករឲ្យរួមគ្នាបង្កើតជាសហគមន៍ ដើម្បីងាយស្រួលរៀបចំផែនការដាំដុះបន្លែសុវត្ថិភាព តាមមុខនីមួយៗ ក្នុងបរិមាណកំណត់ តាមតម្រូវការរបស់ទីផ្សារ សំដៅរក្សាតំលៃបានល្អ ។

លោកបានបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួន ដាំដំណាំដែលមិនមានការប្រឹក្សាពីអ្នកជំនាយ ហើយដល់ពេលប្រមូលផល គឺធ្វើឲ្យផលិតផលរបស់គាត់ច្រើនលើសលប់ ដែលជាហេតុធ្វើឲ្យតម្លៃធ្លាក់ចុះ ពិបាករកទីផ្សារ។ លោកថ្លែងថា ការដាំដុះជាក្រុម ឬបង្កើតជាសហគមន៍ ដែលមានរៀបចំផែនការច្បាស់លាស់ គឺទទួលបានការប្រឹក្សាពីអ្នកជំនាញបានច្បាស់លាស់ និងឈានទៅដល់ការធ្វើកិច្ចសន្យា ជាមួយអ្នកប្រមូលទិញឲ្យបានត្រឹមត្រូវ ។

សំឡេង ៖ សូមឱ្យគាត់ព្យាយាមចងក្រងជាសហគមន៍ ជាក្រុម ដើម្បីយើងប្រមូលផ្តុំផលិតផលរបស់យើង ហើយយើងស្វែងរកដៃគូពិតប្រាកដ  អ្នកប្រមូលទិញពិតប្រាកដ ចៀសវាងនូវការដាំហើយមិនមានអ្នកប្រមូលទិញ ធ្វើឲ្យផលិតផលរបស់គាត់សល់ ហើយមួយវិញទៀត គឺថាបើយើងចងក្រងជាសហគមន៍បាន យើងអាចរៀបចំផែនការដាំដុះ ដើម្បីឱ្យផលិតផលរបស់យើងដែលដាំបាន នឹងប្រមូលបានហ្នឹង គឺឆ្លើយតបទៅនឹងទីផ្សារ ។

លោកបានបន្ថែមថា មន្ទីរតែងតែបន្តផ្ដល់បច្ចេកទេសថ្មី ៗ ដែលធន់នឹងការប្រែប្រួលអាកាសធាតុដល់កសិករ ដើម្បីកាត់បន្ថយបញ្ហាប្រឈមក្នុងកាងារដាំដុះ ជាពិសេស ការបណ្ដុះបណ្ដាល និងណែនាំឱ្យប្រជាកសិករឈានដល់ការទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ មានស្លាកសម្គាល់ត្រឹមត្រូវ ដើម្បីបញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែដែលផលិតបាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកទិញ និងទទួលបាននូវតម្លៃសមរម្យសំរាប់បង្កើនជីវភាពគ្រួសារ ៕

រូបតំណាង

សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំមានសហគមន៍ដាំបន្លែសុវត្ថិភាព ចំនួន២ ដែលសហគមន៍ទី១ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ មានចំនួន ១៧គ្រួសារ និងសហគមន៍ទី២ នៅក្នុងស្រុកពញ្ញាក្រែក មានចំនួន ៧គ្រួសារ ៕