យុវជនជាង៧០០នាក់ចូលរួមប្រកួតស្នាដៃសិល្បៈ ក្នុងមហោស្រពសិល្បៈយុវជនឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី

MC: យុវជនដែលជាសិស្សានុសិស្សថ្នាក់មធ្យម និងនិស្សិតថ្នាក់ឧត្តមសរុប៧២៥នាក់ បានចូលរួមប្រកួតស្នាដៃសិល្បៈក្នុងមហោស្រពសិល្បៈយុវជនឆ្នាំ២០២០នេះ ដើម្បីបង្ហាញពីការចូលរួមលើកស្ទួយ ក៏ដូចជាថែរក្សា និងអភិរក្សសិល្បៈវប្បធម៌ប្រពៃណីខ្មែរឲ្យស្ថិតស្ថេរគង់វង់យូរអង្វែង។

ឯកឧត្តម គឹម ពីនន់ សមាជិកអចិន្ត្រៃយ៍គណៈកម្មការរៀបចំមហោស្រពសិល្បៈយុវជនទូទាំងប្រទេស បានឲ្យដឹងថា ទម្រង់សិល្បៈ របស់ក្រុមយុវជនកម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈ យុវជនទូទាំងប្រទេស ឆ្នាំទី៦ ដែលធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកុម្ភៈនេះ មានដូចជា ល្ខោនមហោរីចំនួន៨ទស្សនីយភាព ល្ខោនយីកេចំនួន៧ស្សនីយភាព ល្ខោនបាសាក់ចំនួន១០ស្សនីយភាព និងរបាំប្រពៃណីមានចំនួន៩ស្សនីយភាព ។
ថ្លែងក្នុងឱកាសបើកមហោស្រពសិល្បៈ យុវជនទូទាំងប្រទេសឆ្នាំ២០២០នេះ នាសាលសន្និសីទចតុមុខ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការលើកស្ទួយ ថែរក្សាសិល្បៈវប្បធម៌ប្រពៃណីខ្មែរ មិនអាចខ្វះបានពីកម្លាំងចូលរួមរបស់យុវជននោះឡើយ ដោយសារពួកគេជាអ្នកបន្តវេនក្នុងការអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ។
លោកជំទាវ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសដល់យុវជនឲ្យចូលរួមដោយសេរី និងពេញលេញក្នុងសកម្មភាពវប្បធម៌ និងសិល្បៈ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោកជំទាវ បានលើកទឹកចិត្តដល់យុវជនឲ្យចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ ខណៈពួកគេកំពុងប្រឈមនឹងការស្រូបយកឥទ្ធិពលនៃការហូរចូលវប្បធម៌បរទេស។ លោកជំទាវ បញ្ជាក់ថា យុវជនកម្ពុជាត្រូវបានលើកទឹកចិត្ត តាមរយៈឲ្យពួកគេចូលរួមបង្កើតស្នាដៃសិល្បៈដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរលើការតែងនិពន្ធ ការសម្តែងសិល្បៈ របាំ តន្រី្ត និងផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំមហោសិល្បៈយុវជនទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយការអប់រំ និងផ្សព្វផ្សាយអំពីចំណេះដឹងសិល្បៈវប្បធម៌ ក្នុងបុព្វហេតុជំរុញការចូលរួមថែររក្សា អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ប្រកបដោយខ្លឹមសារអភិរក្ស អភិវឌ្ឍន៍ ការអប់រំយុវជន និងសីលធម៌សង្គម។ ការបង្កើតឲ្យមានការសម្តែងនេះ ក៏ជាការបណ្តុះស្មារតីឲ្យយុវជន និងមហាជនស្រលាញ់មរតកសិល្បៈវប្បធម៌ខ្មែរ ពិសេសជំរុញការផលិត និងរកទីផ្សារវប្បធម៌ឲ្យកាន់តែទូលំទូលាយ។
មហោសិល្បៈយុវជនទូទាំងប្រទេសនេះ ក៏ជាផ្នែកមួយនៃការអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕