សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តអំពាវនាវដល់ស្ត្រីមានផ្ទៃពោះនិងស្ត្រីជាមាតាបង្កើនការថែរក្សាសុខភាព

វិទ្យុជាតិកម្ពុជា​៖លោកស្រី ទុយ សូលីដា ១៩.០២.២០២០៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបន្តអំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាមាតា សូមថែទាំសុខភាពខ្លួនឯងនិងកូនយ៉ាងតិរយៈពេល១០០០ថ្ងៃ ដើម្បី ថែរក្សាសុភាពអោយបានល្អឈ្នះអស់ជម្ងឺទាំងពួង។

យោងតាមសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ់់ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាស អបអរសាទរទិវាជាតិសុខភាព ទារក និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ បានអោយដឹងថា ដើម្បីឱ្យកូនមានការលូតលាស់ល្អ ចាំបាច់ត្រូវដឹងច្បាស់ អំពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូតលាស់របស់កូន ការពន្យារកំណើតពីកូនមួយ ទៅកូនបន្ទាប់ ដើម្បីអោយមាតា និងទារកមានសុខភាពល្អ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យនិងឆ្មបជំនាញ ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឱ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដង ទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ត្រូវទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាម ដើម្បីពិនិត្យស្ថានភាព រកមេរោគអេដស៍និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីម្ដាយទៅកូន ។សារលិខិតបន្តថា ស្រ្តីត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ នឹងត្រូវទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក ត្រូវយកកូនទៅទទួលថ្នាំបង្ការជំងឺ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ ហើយសូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ(បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ ។ សារលិខិតបន្ថែមថា សូមប្រញាប់យកកុមារឬទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថា ចាប់ពីខែ ឆ្នាំ២០១៩មក រាជរដ្ឋាភិបាលបានដាក់អោយអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនក្រោមអាយុពីរឆ្នាំនៃគ្រួសារ ដែលមានបណ្ណសមធម៌ ឬបណ្ណអាទិភាព ដែលជាជំហានថ្មីមួយទៀត ក្នុងការសម្រេចបាន នូវការគ្រប់ដណ្ដប់សេវាសុខភាពជាសកលនៅកម្ពុជា និងជាការយកចិត្តទុកដាក់ចំពោះការថែទាំជាបន្តលើការលូតលាស់របស់ទារក ចាប់ពីនៅក្នុងផ្ទៃម្ដាយ ទារកទើបកើត និងបន្តថែទាំដល់កុមារតូចអោយមានការលូតលាស់ល្អ ទាំងរាងកាយ ស្មារតី និងប្រាជ្ញា ៕