អង្គការសុខភាពពិភព អះអាងថា គ្មានករណីឆ្លងវីរុស Covid-19 នៅកូរ៉េខាងជើងនោះទេ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

    អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា គ្មានការបង្ហាញណាមួយថាមានករណីឆ្លងវីរុស Covid-19 នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ បើទោះបីជាមានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានលើកឡើងថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីបានរាលដាលដល់ប្រទេសឯកោមួយនេះក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០។

  លោកវេជ្ជបណ្ឌិត  Mike Ryan ប្រធានកម្មវិធីសង្រ្គោះបន្ទាន់របស់អង្គការសុខភាពពិភពបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា នៅពេលនេះមិនមានសញ្ញាអ្វីនោះទេ ឫ ការបង្ហាញណាមួយទាក់ទងទៅនឹងវីរុស Covid-19 កើតឡើងនៅកូរ៉េខាងជើងនោះទេ។លោកវេជ្ជបណ្ឌិត បន្តថា អង្គការសុខភាពពិភពលោកនឹងផ្គត់ផ្គង់មន្ទីរពិសោធន៍ដល់កូរ៉េខាងជើងបន្ថែមទៀតដើម្បីធ្វើតេស្តរកវីរុសថ្មីនេះ។

  សូមបញ្ជាក់ថា កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានដកស្រង់សម្តីមន្រ្តីសុខភាពសាធារណៈមួយរូបដោយអះអាងជាថ្មីថា«មិនទាន់មានករណីណាមួយដែលបញ្ជាក់អំពីវីរុស Covid-19 នៅឡើយទេ»។ប៉ុន្តែអតីតអ្នកការទូតកូរ៉េខាងជើងម្នាក់ ដែលបានផ្តាច់ខ្លួនទៅកូរ៉េខាងត្បូងនៅឆ្នាំ ២០១៦ បាននិយាយថា សមត្ថភាពរបស់អង្គការសុខភាពពិភពលោកមិនអាចវាយតម្លៃស្ថានភាពនៅកូរ៉េខាងជើងបាននោះទេ ដោយសារតែមានការរឹតត្បិតព័ត៌មាន៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters