ក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតកម្ពុជា នឹងរៀបចំសិក្ខាសាលា ទាក់ទងទៅនឹងពាក្យបណ្ដឹងអ្នកកាសែត

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ កុម្ភៈ ២០២០៖

ក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតកម្ពុជា នឹងរៀបចំសិក្ខាសាលា ទាក់ទងទៅនឹងពាក្យបណ្ដឹងអ្នកកាសែត នៅពេលខាងមុខ ដើម្បីពន្យល់ពីនីតិវិធីផ្លូវច្បាប់ ។

នៅក្នុងឱកាសទទួលជួប លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នាក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មាន នឹងធ្វើកិច្ចសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីរៀបចំសិក្ខាសាលា ទាក់ទងទៅនឹងពាក្យបណ្ដឹងអ្នកកាសែត ដើម្បីពន្យល់ពីនីតិវិធីផ្លូវច្បាប់ ហើយថាតើនៅពេលណាត្រូវប្រើច្បាប់នៃរបបសារព័ត៌មាន។
ក្នុងឱកាសនោះ ឯកឧត្តម ក៏ជំរុញឲ្យមន្រ្តីព័ត៌មានគ្រប់ផ្នែកពិនិត្យតាមដានព័ត៌មានមិនពិត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីការពារកុំឲ្យព័ត៌មានមិនពិតបង្កផលប៉ៈពាល់ដល់សង្គម ខណៈដែលបច្ចុប្បន្នកំពុងកើតមានឡើងនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ពាក់ពន័្ធនឹងការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ ដែលនាំឲ្យមានការបំពុលដល់សង្គម ពិសេសបញ្ហាជំងឺផ្លូវដង្ហើមកូរ៉ូណា ដែលមានផេក និងអាខោនFacebookខ្លះ បានសរសេរផ្សព្វផ្សាយព័ត៌មានមិនពិត ។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ដើម្បី នឹងរៀបចំសិក្ខាសាលាមួយនៅពេលខាងមុខនេះ ទាក់ទងទៅនឹងពាក្យបណ្ដឹងអ្នកកាសែត។
ក្លឹបអ្នកកាសែតកម្ពុជា បានសូមកិច្ចសហការជាមួយក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ដើម្បីយើងនឹងរៀបចំសិក្ខាសាលាមួយនៅពេលខាងមុខនេះ ទាក់ទងទៅនិងពាក្យបណ្ដឹងអ្នកកាសែត យើងអញ្ជើញអ្នកច្បាប់ក្រសួងយុត្តិធម៌ អញ្ជើញអ្នកជំនាញពីក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតកម្ពុជាជាវាលឃ្មិននឹងអញ្ជើញអ្នកកាសែតមកចូលរួម ដើម្បីពន្យល់ពីនីតិវិធីផ្លូវច្បាប់ នៅពេលដែលមានពាក្យបណ្ដឹង ប្ដឹងផ្ដល់ តើអ្នកកាសែតយើងត្រូវសរសេររបៀបម៉េច ដើម្បីយល់ដឹងពីនីតិវិធីនៃច្បាប់ ហើយធ្វើម៉េចនៅពេលដែលមានពាក្យបណ្ដឹង ហេតុអី្វបានជាគេបណ្ដឹង យើងខុសយ៉ាងម៉េច ឲ្យគាត់យល់ពីច្បាប់ ហើយនៅពេលណាត្រូវប្រើច្បាប់នៃរបបសារព័ត៌មាន។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ប៉ែន បូណា បានបញ្ជាក់ថា នៅពេលខាងមុខ ក្រសួងព័ត៌មាន នឹង សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា ក្នុងការរៀបចំទទួលគណៈប្រតិភូកាសែតវៀតណាមនាចុងខែមេសា ឆ្នាំ២០២០ នឹងទទួលគណៈប្រតិភូមកពីសមាគមអ្នកកាសែតថៃ នៅចុងឆ្នាំ២០២០ខាងមុខនេះ ដែលមកទស្សនកិច្ចនៅកម្ពុជា ៕