អ្នកជំងឺវីរុស COVID-19 នៅប្រទេសចិនសរុប១,៤៣៧៦នាក់បានជាសះស្បើយ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅប្រទេសចិនសរុបចំនួន ១,៤៣៧៦នាក់ហើយដែលជាសះស្បើយទាំងស្រុង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
របាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា កាលពីថ្ងៃអង្គារ អ្នកជំងឺចំនួន១,៨២៤នាក់បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដូច្នេះចំនួនអ្នកជាសះស្បើយបានកើនឡើងដល់១៤,៣៧៦នាក់នៅក្នុងប្រទេសចិន។តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ទោះជាយ៉ាងណា អ្នកជំងឺ COVID-19 ចំនួន ១១,៩៧៧នាក់ ទៀតកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៥,២៤៨នាក់កំពុងស្ថិតនៅក្នុងការពិនិត្យ និងតាមដានបន្តទៀតនៅ ឡើយ។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោកមានករណីមនុស្សស្លាប់ដោយ COVID-19 ចំនួន ៦ ករណីផងដែរ ក្នុងនោះរួមមាន នៅហុងកុងមាន២ករណី ខណៈកោះតៃវ៉ាន់មាន១ករណី ជប៉ុន១ករណី ហ្វីលីពីន១ករណី និងបារាំង១ករណីផងដែរ៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ