ក្រសួងអប់រំប្រគល់សិទ្ធិ និងការទទួលខុសត្រូវ ដល់មន្ទីរអប់រំរាជធានី ខេត្ត ក្នុងការពិនិត្យ និងសម្រេចកែតម្រូវជូនបេក្ខជនដាក់ពាក្យសុំប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ១៩.០២.២០២០៖

ក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ដល់មន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្ត ធ្វើការពិនិត្យ និងសម្រេចកែតម្រូវជូនបេក្ខជន ដើម្បីត្រៀមដាក់ពាក្យសុំប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា ដើម្បីសម្រួលដល់បេក្ខជនលើការចំណាយពេលវេលា ហូប ចុក ស្នាក់នៅ និងធ្វើដំណើរ ក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវជូនដល់គ្រឹៈស្ថានមធ្យមសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ធ្វើការពិនិត្យ និងសម្រេចកែតម្រូវជូនបេក្ខជនជំនួសវិញ ដោយគោរពតាមការណែនាំរបស់ក្រសួងអប់រំ និងបំពេញបែបបទតាមគំរូដើមរបស់ក្រសួង ។ ប្រភពដដែលបន្តថា ព័ត៌មានបេក្ខជនដែលត្រូវកែរតម្រូវ តិចតួចឬទាំងស្រុង ដូចជាខុសឈ្មោះ សាមីជន ឬឈ្មោះឪពុក ម្ដាយ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើតសាមីជន ដោយក្រាន់តែភ្ជាប់មកជាមួយ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា ១ច្បាប់ សំបុត្របញ្ជាក់កំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត និងច្បាប់ថតចំលងដែលមានបញ្ជាក់ពីភាពត្រឹមត្រូវតាមច្បាប់ដើមដោយ នាយក ឬនាយិកាសាលា ១ច្បាប់ និងភ្ជាប់មកជាមួយសេចក្ដីសម្រេច សាលក្រមតុលាការ អនុញ្ញាតអោយកែតម្រូវ បញ្ជាក់ថាជាមនុស្សតែម្នាក់ ១ច្បាប់ ។ប្រភពដដែលបញ្ជាក់ថការដាក់ពាក្យសុំកែតម្រូវនេះ ត្រូវធ្វើនៅការិយាល័យប្រលង ចំពោះខេត្តដែលមិនទាន់មានការិយាល័យប្រលង ត្រូវដាក់ពាក្យនៅមធ្យមសិក្សាចំណេះទូទៅ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ហើយការដាក់ពាក្យសុំកែតំរូវនេះ មិនតំរូវអោយសាមីខ្លួនបង់កំរៃនោះឡើយ ។
សូមបញ្ជាក់ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានតំរូវឲ្យបេក្ខជនដាក់ពាក្យសុំកែតម្រូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅនាយកដ្ឋានកិច្ចការប្រឡងតាមរយៈស្ថានមធ្យមសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តដើម្បីត្រៀមដាក់ពាក្យសុំប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៕