វៀតណាមសន្យាបន្តកិច្ចសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធជាមួយអង្គការ WTO

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Le Thi Tuyet Mai បាននិយាយនៅក្នុងឱកាសជួបជាមួយ​         អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Roberto Azevedo នៅទីក្រុងហ្សឺណែវ ប្រទេស ស្វីសថា ប្រទេស​វៀតណាម​ប្តេជ្ញាបន្តកិច្ចសម្របសម្រួលឱ្យបានកាន់តែសកម្ម និងយ៉ាងជិតស្និទ្ធជាមួយ អង្គការ WTO ក្នុងរាល់សកម្មភាពរបស់ខ្លួន។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីលោកស្រី Mai អ្នកតំណាងអចិន្រ្តៃយ៍ថ្មីរបស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ( UN ) អង្គការ WTO  និងអង្គការអន្តរជាតិដទៃទៀត បានប្រគល់លិខិតបញ្ជាក់ការចាត់តាំងរបស់លោកប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong ទៅកាន់មេដឹកនាំ       អង្គការ WTO។

លោកស្រី Mai បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសបើកចំហ និងដើរតួនាទីជាសមាជិកអង្គការ WTO  ដែលសកម្ម និងមានការទទួលខុសត្រូវដែលគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយអង្គការ WTO ដែលជាគោលការណ៍ស្នូលរបស់ខ្លួន។

លោកស្រីបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសវៀតណាម ក្នុងការធ្វើកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអង្គការ WTO និងបណ្តាប្រទេសជាសមាជិកដទៃទៀត ដើម្បីទទួលបាននូវលទ្ធផលប្រកបដោយអត្ថន័យនៅក្នុងកិច្ចចរចាឧបត្ថម្ភ​ធនជលផល និងកំណែទម្រង់របស់អង្គការ WTO  នៅឯសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែមិថុនា ខាង​មុខនេះ។

អ្នកការទូតរូបនោះបាននិយាយបន្ថែមថា ប្រទេសវៀតណាមនឹងបញ្ចប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំនេះ។

លោក Azevedo បានកោតសរសើរចំពោះការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់វៀតណាម នឹងបានកោតសរសើរចំពោះការប្តេជ្ញាចិត្ត​របស់វៀតណាម ចំពោះការធ្វើសមាហរណកម្មអន្តរជាតិ នឹងការចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ WTO និងពាណិជ្ជកម្មសកលលោក។

លោកបានអបអរសាទរដល់លោកស្រី Mai ចំពោះបេសកកម្មថ្មីរបស់លោកស្រី នឹងបានសម្តែងក្តីសង្ឃឹមថា ប្រទេសវៀតណាម​នឹងចូលរួមវិភាគទានជាវិជ្ជមានដល់ការធ្វើកំណែទម្រង់របស់អង្គការ WTO នៅពេលដែលសមាជិកក្រុមទាំង ១៦៤ ប្រទេសប្រឈមមុខ​នឹងបញ្ហាជាច្រើន ដែលតម្រូវឱ្យវាផ្លាស់ប្តូរដើម្បីរក្សាភាពសម្របខ្លួន និងនៅតែជាសរសរគ្រឹះដ៏សំខាន់របស់ពាណិជ្ជកម្មពិភពលោក៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)