សម្ដេចក្រឡាហោម ស ខេង អះអាងថា ការចូលរួមរបស់កម្លាំងនគរបាលនិងពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ១៩.កុម្ភៈ.២០២០
MC៖ សម្ដេចក្រឡាហោម ស ខេង អះអាងថា ការចូលរួមរបស់កម្លាំងនគរបាលនិងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ ដើម្បីឲ្យសង្គម ជាតិកាន់តែមានសុខសុវត្ថិភាព។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានមានប្រសាសន៍ថា ជាក់ស្ដែងទោះបី បទល្មើសព្រហ្មទណ្ឌ កាលពីឆ្នាំ២០១៩ មានការកើនឡើងបន្ដិច (កើន៨%) ដោយសារការហូរចូលយ៉ាងគំហុកនៃជនបរទេស ដែលនាំមកជាមួយនូវបទល្មើសដែលប្រព្រឹត្តឡើងក្នុងចំណោមជនបរទេសមួយចំនួនក៏ដោយ ក៏កម្លាំងនគរបាលជាតិបានប្រឹងប្រែងបង្ក្រាបបានរហូតដល់ ៨៩% នៃបទល្មើសដែលកើតមានឡើង គឺអត្រាខ្ពស់ជាងឆ្នាំ២០១៨។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា កម្លាំងនគរបាល ដោយមានកិច្ចសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាក្នុងសង្គមកាន់តែមានប្រសិទ្ធភាពថែមទៀត។
សំឡេង«វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានបន្ដជំរុញយ៉ាងសកម្មផុលផុស ស្របតាមផែនការនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ការងារបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសង់ខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជា វិធានការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែង អនុវត្តយ៉ាងសស្រាក់សស្រាំ និងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន»។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏បានពង្រឹងការគ្រប់គ្រងពន្ធនាគារ ស្របពេលដែលមានការកើនឡើងនូវចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការបណ្តុះបណ្តាល ការកសាងសមត្ថភាពធនធានមនុស្សទាំងរដ្ឋបាលស៊ីវិល និងនគរបាលជាតិ ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសនានា ព្រមទាំងកិច្ចសហការសម្របសម្រួលជាអន្តរស្ថាប័ន ក្រសួង នានា របស់រាជរដ្ឋាភិបាល៕