រដ្ឋមន្ត្រីក្រសួងពាណិជកម្ម ជំរុញការអនុម័តលើកសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ

វិទ្យុជាតិកម្ពុជា៖លោកស្រី ធីណា ឌីណេ
MC៖ រដ្ឋមន្ត្រីក្រសួងពាណិជកម្ម ជំរុញការអនុម័តលើកសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីធានាបានសន្តិសុខស្បៀង ក៏ដូចជាការអនុវត្តន៍ប្រកបដោយមនុស្សធម៌ នៅក្នុងពាណិជ្ជកម្មអាហារជាតិ។

ថ្លែងក្នុងពិធីសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការលើកម្ពស់ការចូលរួមប្រកបដោយ ប្រសិទ្ធភាព ក្នុងការងារកូដិចនៅកម្ពុជា នៅសណ្ឋានគារ សុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជកម្ម និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលការត្រួតពិនិត្យ គុណភាព សុវត្ថិភាពផលិតផល និងសេវាកម្ម និងគណៈកម្មាធិការកូដិចជាតិ បានលើកឡើងថា ការជំរុញការធ្វើពាណិជ្ជកម្មទំនិញកសិកម្ម និងសេវាកម្មពាណិជ្ជកម្មបានចូលរួមចំណែក ក្នុងការសម្រេចបាននូវសន្តិសុខស្បៀង សម្រាប់ប្រជាជនគ្រប់រូប ក្នុងការលើក កម្ពស់អាហាររូបត្ថម្ភ និងសុខភាពមនុស្ស ធ្វើឲ្យប្រសើរឡើងនូវជីវភាព និងប្រាក់ចំណូលរបស់កសិករ និងការសម្រេចបាននូវប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។ ឯកឧត្តមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការជំរុញឱ្យមានការទទួលយក និងអនុម័តលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធមួយចំនួន ដែលក្រសួងពាណិជ្ជកម្មបានសហការរៀបចំ ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហា រដែលកំពុងតែដាក់ឆ្លងការពិភាក្សាលក្ខណៈអន្តរក្រសួង។
សំឡេង៖ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថាសេចក្តីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារដែលនឹងត្រូវអនុម័តក្នុងពេលខាងមុខ នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមលើប្រព័ន្ធប្រតិបត្តិការទាំងឡាយ ដែលកំពុងមានជាធរមាន ដើម្បីធានាសុខភាពអ្នកប្រើប្រាស់ និងធានាការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។ជាការពិតណាស់ អ្វីដែលធ្វើឱ្យសុវត្ថិភាពម្ហូបអាហារមានលក្ខណៈប្លែក គឺលក្ខណៈពហុវិស័យ ដែលកាត់តាមវិស័យផ្សេងៗដូចជា កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន ទេសចរណ៍ អប់រំ និងសេដ្ឋកិច្ច។ ដូច្នេះ ខ្ញុំសូមឱ្យយើងទាំងអស់គ្នា មានការគាំទ្រ ដើម្បីជំរុញឲ្យមានការអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ ដើម្បីយើងមានលទ្ធភាពអនុវត្តបានពេញលេញ នូវកម្មវិធីសុវត្ថិភាពម្ហូបអាហារជាតិ ដែលជាចលករមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកក្នុងការការពារសុខភាពអ្នកប្រើប្រាស់ និងការធានាបានសន្តិសុខស្បៀង ក៏ដូចជាធានាបានការអនុវត្តន៍ប្រកបដោយសមធម៌នៅក្នុងពាណិជ្ជកម្មម្ហូបអាហារជាតិ៕