ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ-19 (Covid-19)នៅប្រទេសចិនបានកើនឡើងដល់ ២០០៤នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
របាយការណ៍របស់គណៈកម្មការសុខាភិបាលចិន នៅព្រឹកថ្ងៃពុធនេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មី ឬ Covid-19) បានកើនឡើងដល់ ២០០៤នាក់ហើយ ខណៈចំនួនអ្នកឆ្លងបានកើនដល់ ៧៤,១៨៥នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ១៩ ខែកុម្ភៈឆ្នាំ ២០២០។
តាមការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិនបានឲ្យដឹងទៀតថា កាលពីថ្ងៃអង្គារម្សិលមិញនេះមានអ្នកជំងឺ COVID-19 ចំនួន១៣៦នាក់ទៀតបានបាត់បង់ជីវិត នាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០០៤នាក់។ដោយឡែក មនុស្សឆ្លងជំងឺ COVID-19 ថ្មីទៀតមានចំនួន ១៧៤៩នាក់នៅតាមបណ្តាខេត្ត និងតំបន់មួយចំនួនរបស់ចិនធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៧៤,១៨៥នាក់។
សូមបញ្ជាក់ថា ក្រៅពីប្រទេសចិន មានករណីមនុស្សស្លាប់ដោយ COVID-19 ចំនួន ៥ ករណីផងដែរ ក្នុងនោះរួមមាន នៅហុងកុង តៃវ៉ាន់ ជប៉ុន ហ្វីលីពីន និងបារាំងផងដែរ៕
ប្រភព៖សារព័ត៌មាន Channel News Asia