អ្នកជំងឺ COVID-19 ២នាក់បន្ថែមទៀត បានព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យហាណូយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — អ្នកជំងឺ COVID-19 ចំនួន២នាក់បន្ថែមទៀតដែលមកពីខេត្ត Vinh Phuc ភាគខាងជើង ត្រូវបាន​ព្យាបាលជាសះស្បើយ នឹងបានបញ្ជូនចេញពីមន្ទីរពេទ្យជាតិសម្រាប់ជំងឺត្រូពិកនៅទីក្រុងហាណូយកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងនោះ មានបុរសម្នាក់ អាយុ ២៩ឆ្នាំ ស្ថិតក្នុងចំណោមកម្មករចំនួន ៨នាក់នៃក្រុមហ៊ុន Nihon Plast Co., Ltd ដែលត្រូវបាន​បញ្ជូនទៅបណ្តុះបណ្តាលនៅទីក្រុងវូហាន របស់ប្រទេសចិនរយៈពេល២ខែកន្លះ ហើយបានត្រឡប់មកវៀតណាមវិញកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

បុរសនោះបានវិវត្តទៅជារោគសញ្ញាឈឺបំពង់ក និងក្អកនៅថ្ងៃទី២១ ខែមករា ហើយត្រូវបានបញ្ជាក់ថា មានផ្ទុកមេរោគកូរ៉ូណាវីរុស​ថ្មីនៅថ្ងៃទី២៦ ខែមករា។

ទន្ទឹមនឹងនេះដែរ អ្នកជំងឺដែលបានជាសះស្បើយម្នាក់ទៀតនោះ គឺជាស្ត្រីម្នាក់មានអាយុ ៥៥ឆ្នាំ ដែលបានឆ្លងមេរោគកូរ៉ូណាវីរុស​ពីអ្នកជំងឺម្នាក់ទៀត។

ស្រ្តីនោះបានបង្ហាញរោគសញ្ញាគ្រុនក្តៅ ឈឺក្បាល និងឈឺខ្លួនកាលពីថ្ងៃទី៣០ ខែមករា ហើយបានធ្វើតេស្តចំនួនពីរលើក កាលពីនៅថ្ងៃទី១២ និងថ្ងៃទី១៥ ខែកុម្ភៈ។

មន្ទីរពេទ្យជាតិត្រូពិកទទួលបានអ្នកជំងឺសរុបចំនួន ៥នាក់មកពីខេត្ត Vinh Phuc ហើយអ្នកទាំងអស់នោះបានសម្រាកព្យាបាល​នៅក្នុងមន្ទីរពេទ្យនេះ។ ក្នុងចំណោមនោះ មានអ្នកជំងឺ ៣នាក់ត្រូវបានព្យាបាលជាសះស្បើយ នឹងបានឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី១០ ខែកុម្ភៈ។

អ្នកជំនាញផ្នែកសុខភាពបាននិយាយថា ទោះបីជាគ្មានវ៉ាក់សាំងសម្រាប់វីរុសថ្មីនេះក៏ដោយ ក៏ប្រទេសវៀតណាមមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការព្យាបាលអ្នកជំងឺ COVID-19 ដែរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)