រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បញ្ជាក់ថា ជនបរទេសក៏មានសិទ្ធិទទួលបានការសិក្សាលើវិស័យ ព័ត៌មាន នៅក្នុងប្រទេសកម្ពុជាផងដែរ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បញ្ជាក់ថា ជនបរទេសក៏មានសិទ្ធិទទួលបានការសិក្សាលើវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឲ្យជនបរទេសទាំងនោះអាចប្រកបវិជ្ជាជីវៈស្របតាមច្បាប់សារព័ត៌មាន។

ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ជំទាវ អេវ៉ា ង្វៀន ប៊ិញ EVA Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា កាលពីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ជនបរទេសក៏មានសិទ្ធិទទួលបានការសិក្សា លើវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ដូចជនជាតិខ្មែរផងដែរ ដើម្បីឲ្យជនបរទេសទាំងនោះអាចប្រកបវិជ្ជាជីវៈស្របតាមច្បាប់សារព័ត៌មាន ព្រោះនៅកម្ពុជាមិនមានអ្នកសារព័ត៌មានបរទេសច្រើនទេ។
នៅក្នុងជំនួបនោះ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានបេះដូង ទូលាយ បានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ ខណៈដែលប្រទេសមួយចំនួនមិនឲ្យចូលចត និងបញ្ជូនភ្ញៀវទេសចរដែលនៅលើនាវាទៅ ស្រុកកំណើតវិញ រួមមានទាំងទេសចរបារាំងផងដែរ ដែលជាការបង្ហាញពីមនុស្សធម៍មិនរើសអើងពូជសាសន៍ ។ លោកជំទាវ បានបន្តថា ទាក់ទងនឹង ព័ត៌មានក្លែងក្លាយ Fake New ដែលប្រទេសបារាំងកំពុងតែជួបប្រទះ គឺបារាំងក៏កំពុងតែរកវិធី ដើម្បីលុបបំបាត់ផងដែរ។ ពាក់ពន្ធ័នឹង វិជ្ជាជីវៈសារព័ត៌មាន លោកជំទាវ បានបញ្ជាក់ថា ប្រទេសបារាំង នឹងផ្តល់អាហារូបករណ៍ សម្រាប់និស្សិត ដែលចង់សិក្សាក្លាយខ្លួនជាអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈផងដែរ៕