អាជ្ញាធរស្រុកបន្ទាយស្រី ផ្តួចផ្តើមគំនិតរៀបចំតូបតាំងលក់ត្រសក់ផ្អែមក្នុងផ្សារទំនើប នៅទីរួមខេត្តសៀមរាប ដល់ប្រជាកសិករដែលដាំបាន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC ៖ អាជ្ញាធរស្រុកបន្ទាយស្រី ផ្តួចផ្តើមគំនិតរៀបចំតូបតាំងលក់ត្រសក់ផ្អែម ក្នុងផ្សារទំនើបនៅទីរួមខេត្តសៀមរាប ដើម្បីលើកស្ទួយផលិតផលខ្មែរ និងជួយសម្រួលដល់ជីវភាពប្រជាកសិក រដែលកំពុងមានការខ្វះខាត ក្រោយពីប្រមួលផលដំណាំហើយមិនមានទីផ្សារ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កសិករក្នុងស្រុកបន្ទាយស្រី បានដាំដំណាំត្រសក់ផ្អែម ដោយក្នុង១ហិកតា ប្រមូលផលបាន ប្រមាណពី២០តោន ទៅ៣០តោន ប៉ុន្តែស្របពេលដែលកំពុងប្រមូលផល ពុំមានទីផ្សារ បានធ្វើឲ្យកសិករមានការព្រួយបារម្មណ៏ និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពគ្រួសារ ។
លោកបានបន្តថា បច្ចុប្បន្ននេះអាជ្ញាធរស្រុក បានបង្កើតឲ្យមានក្រុមការងារសម្របសម្រួល ដើម្បីឲ្យមានការរៀបចំតូបលក់នៅក្នុងផ្សារទំនើបហេរីថក ខេត្តសៀមរាប ដោយដាក់លក់ក្នុងរយះពេល១សប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកបានបន្ថែមថា ក្រុមការងារ បានសម្របសម្រួល ធ្វើយ៉ាងណាដើម្បីជួយឲ្យទាន់ពេលវេលា ក្នុងការបញ្ជាទិញ ការលក់ ការដឹកជញ្ជូន អោយមានប្រសិទ្ធភាព និងជួយលើកទឹកចិត្តដល់ប្រជាកសិករ ជៀសវាងការបាក់ទឹកចិត្តដោយប្រការណាមួយ ។
សំឡេង ៖ ការជួយរបស់យើងនេះ គឺជំរុញធ្វើយ៉ាងណាឲ្យកសិករ ដែលលក់ត្រសក់ផ្អែមនៅក្នុងស្រុកបន្ទាយស្រីនេះ គាត់អាចលក់ចេញនៅពេលដែលត្រសក់ផ្អែមរបស់គាត់ បច្ចុប្បន្ននេះគឺជាប់គាំង រកទីផ្សារមិនបាន ដោយសារតែភ្ញៀវដែលតែងតែទិញគាត់ ដែលជាភ្ញៀវទេសចរនោះ គឺឈប់ទិញតែម្តង ។ ដូច្នេះយើងគិតថា យើងរកដំណោះស្រាយណាមួយ ដែលល្អ ជួយជំរុញក្នុងគ្រាមានអាសន្នរបស់គាត់ ពីព្រោះគាត់មានពេលតែ១០ថ្ងៃប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហានេះ ។
លោកអភិបាលស្រុកបញ្ជាក់ថា នេះគឺជាការបង្ហាញអំពីការចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ហើយសូមអោយស្មារតីខ្មែរជួយខ្មែរ នៅតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប ៕