ក្រុមនិស្សិតកម្ពុជា បង្ហាញការពេញចិត្តចំពោះការសម្តែងរឿងព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — និស្សិតគ្រប់ជំនាញដែលសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកម្ពុជា បានបង្ហាញ ការចាប់អារម្មណ៍ខ្ពស់ ក្រោយបានទស្សនាឈុតឆាកសម្តែងរបស់ក្រុមនិស្សិតដូចគ្នា ក្នុងកម្ម​វិធីសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ក៏ព្រោះតែកម្មវិធីនេះ បានផ្តោត សំខាន់ទៅ​លើការសម្តែងពីប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានតាំងពីបុរាណកាលមក។

ក្នុងកម្មវិធីបង្ហាញសមត្ថភាព និងស្នាដៃក្នុងការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិ​សាស្ត្រខ្មែរ» ដែលទទួលបានការចាប់អារម្មណ៍ពីបណ្តានិស្សិតនេះ ដែលបានធ្វើឡើង​នៅ សាកលវិទ្យាល័យន័រតុន កាលពីពេលកន្លងមកនេះ ដោយមានការចូលរួមលោកគ្រូ-អ្នកគ្រូ ដែលជាថ្នាក់ដឹកនាំក្នុងកម្មវិធីនេះ រួមនឹងមានការចូលរួមពីសិស្ស និស្សិតជាច្រើនរូប ដែល សិក្សានៅសាកលវិទ្យាល័យន័រតុន  និងបណ្តាសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ។

ក្នុងឱកាសនោះដែរក៏មានការសម្តែងរបស់និស្សិតឆ្នើមរបស់សាកលវិទ្យាល័យន័រតុន លោកគ្រូ និងអ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាលដល់ក្រុមនិស្សិតទាំងអស់ បានបង្ហាញចំ ណាប់អារម្មណ៍ក្នុងកម្មវិធីបង្ហាញសមត្ថភាព និងស្នាដៃរបស់ក្រុមនិស្សិតនៃការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ដោយចាត់ទុកថា នេះគឺជាការបង្ហាញពីប្រវត្តិ​សាស្រ្ត​កម្ពុជា​នាសម័យបុរាណ ហើយការសម្តែងនេះក៏ជាការបង្កើតកម្មវិធីសប្បាយមួយផងដែរ សម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលត្រៀមប្រឡងឆមាសនាពេលខាងមុខ។ ជាមួយ​គ្នា​នេះ ការសម្តែង «រឿងព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» នេះ គឺតម្រូវតែសិស្ស​និស្សិតឆ្នើម​ដែលមានសមត្ថភាពខ្ពស់ក្នុងការសម្តែងតែប៉ុណ្ណោះ និងជាការចម្រាញ់យកនិស្សិតពូកែ ដើម្បី​ចម្រុះយកវគ្គបន្ត។ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏បានលើកទឹកចិត្តដល់ក្រុមនិស្សិតទាំងអស់ ត្រូវធ្វើការខិតខំប្រឹងប្រែងបន្តទៀត និងដើម្បីសិក្សាឈ្វេងយល់ឱ្យកាន់តែច្រើនអំពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា។

លោក ចាំង វណ្ណហ៊ុយ ជានិស្សិតនៃសាកលវិទ្យាល័យន័រតុន ជំនាញស្ថាបត្យកម្ម បានលើកឡើងទាំងអារម្មណ៍សប្បាយរីករាយថា “ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅ​ពេល​ដែលបានចូលរួមក្នុងកម្មវិធី នៃការសម្តែងរឿង ព្រេងនិទាន និងប្រវត្តិ សាស្ត្រខ្មែរនេះ។ ក្នុងនាមខ្ញុំជានិស្សតផ្នែកស្ថាបត្យកម្ម ដែលមានចូលរួម និងសម្តែងជាតួអង្គ “សេនាប្រមុខ” ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូ ដែលបានរៀបចំកម្មវិធីនេះឡើង”។

លោកបន្តថា កាលដែលអ្នកដឹកនាំ ក៏ដូចជាលោកគ្រូ-អ្នកគ្រូ បង្កើតកម្មវិធីនេះ ឡើង គឺដើម្បីឱ្យរូបលោកនិងនិស្សិតផ្សេងទៀតកាន់តែយល់ច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ ដែលមាន​តាំងពីបុរាណកាលមក។ ម្យ៉ាងវិញទៀត ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតទាំងអស់ ដែលសិក្សា ឆ្នាំមូលដ្ឋាននេះ មានអារម្មណ៍រីករាយ បន្ទាប់ពីសិក្សាអស់ជាច្រើន ម៉ោងមកហើយនោះ។

លោកបានបន្ថែមថា និស្សិតដែលចូលរួមក្នុងការសម្តែងទាំងអស់ គឺមិនត្រូវបាន​ចំណាយថវិកាអ្វីទាំងអស់ រួមទាំងសម្លៀកបំពាក់ គឺសាកលវិទ្យាល័យន័រតុនជាអ្នករ៉ាប់រង។

ចំណែកនិស្សិតម្នាក់ទៀតសិក្សាជំ នាញអក្សរសាស្ត្រអង់គ្លេស​ ដែលជាអ្នកទស្សនា​សកម្មភាពសម្តែងរបស់ក្រុមនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន អំពីការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» បានឱ្យដឹងដែរថា រូបគាត់ពិតជាសប្បាយជាខ្លាំង នៅពេលដែលសាកល​វិទ្យាល័យតែងតែបង្កើតកម្មវិធីប្លែកៗ ជាពិសេសការសម្តែងរឿងប្រវត្តិសាស្ត្រ  ដែលជាហេតុ​ធ្វើឱ្យរូបគាត់បានរលឹក និងដឹងកាន់តែ ច្បាស់អំពីប្រវត្តិសាស្ត្ររបស់កម្ពុជា នាសម័យបុរាណ។

លោកក៏បានស្នើដល់លោកគ្រូ និងអ្នកគ្រូដែលជាអ្នកដឹកនាំកម្មវិធីនេះ គួរបន្ដរៀបចំ បង្កើត​កម្មវិធីបែបបុរាណនេះបន្ថែមទៀត ដើម្បីជាជំនួយស្មារតីដល់និស្សិតជំនាន់ក្រោយ បានយល់​ដឹង​កាន់​តែច្បាស់ពីប្រវត្តិកម្ពុជា។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យន័រតុនតែងតែបង្កើតកម្មវិធីថ្មីៗ  និងប្លែកៗ ជូនដល់និសិ្សត ដើម្បីឱ្យពួកគាត់បានឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីជំនាញរបស់ខ្លួន មិន​ត្រឹមតែប៉ុណ្ណោះ ក៏បានលើកទឹកចិត្តដល់និស្សិតឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បី​បង្កើននូវចំណេះ ជំនាញរបស់ខ្លួន និងឈានទៅចាប់ឱកាសការងារខាងក្រៅ៕

ដោយ  ប៊ុនរិទ្ធ