ប្រមុខរាជរដ្ឋាភិបាលណែនាំឲ្យប្រជាកសិករបង្កើនការដាំដុះដំណាំគ្មានជាតិគីមីដើម្បីបំពេញត្រូវការក្នុងស្រុក

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី
Mc ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំប្រជាកសិករឲ្យបង្កើនការដាំដុះបន្លែដោយមិនប្រើសារធាតុគីមីដើម្បីធានាសុវត្ថិភាពទំាងអ្នកបរិភោគ និងអ្នកដាំដុះ ហើយជួយលើកស្ទួយជីវភាពគ្រួសារថែមទៀតផង ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រជាកសិករត្រូវបង្កើនការដាំដុះ ការចិញ្ចឹមនៅក្នុងស្រុក ដោយមិនតម្រូវឱ្យប្រជាកសិករប្រើប្រាស់សារធាតុគីមីច្រើនឡើយ ដើម្បីបំពេញត្រូវការក្នុងស្រុក ខណៈដែលបច្ចុប្បន្ននេះប្រទេសកម្ពុជា បាននាំចូលបន្លែ ពីប្រទេសថៃ និងវៀតណាម រាប់រយតោនក្នុងមួយថ្ងៃៗ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ ដោយបានអៈអាងថា ចាប់ពីពេលនេះតទៅ ត្រូបបំផុសឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី ហើយត្រូវកាត់បន្ថយការនាំចូលពីប្រទេសក្រៅ ដែលបានប្រើប្រាស់គីមីច្រើនប៉ៈពាល់សុខភាពប្រជាពលរដ្ឋ ។
សំឡេង ៖ យើងមិនធ្វើផ្ទុយពីគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោកទេ ក៏ប៉ុន្តែយើងត្រូវមានការត្រួតពិនិត្យផ្នែកចត្តាឡឺស័កឱ្យបានត្រឹមត្រូវ ដើម្បីការពារការរីករាលដាល ហើយត្រូវបំផុសឱ្យប្រជាពលរដ្ឋរបស់យើងដាំដុះនៅបន្លែបង្ការ ដែលមិនមានប្រើប្រាស់គីមី ហើយកាត់បន្ថយការនាំចូលពីប្រទេសក្រៅ ដែលមានការប្រើប្រាស់ជាតិគីមី ជាវិធានការដែលយើងត្រូវប្រកាន់យក ជំរុញការដាំដុះក្នុងស្រុក ហើយជំរុញចូលទីផ្សារ ហើយទីផ្សាររបស់យើងមិនសំដៅលើតែការនាំចេញទៅខាងក្រៅទេ។ សព្វថ្ងៃទេសចរណ៍របស់យើងប្រើប្រាស់ការផ្គត់ផ្គង់មកពីខាងក្រៅ រាប់ទាំងបន្លែបង្ការ យើងត្រូវពង្រឹងសមត្ថភាពដាំដុះរបស់កសិករយើង ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ ៕