អង្គការណាតូមិនមានគម្រោងផ្តល់ការគាំទ្រផ្នែកយោធាដល់តួកគីនៅអ៊ីដលីបទេ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ ប្រភពការទូតពីអង្គការណាតូបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា អង្គការណាតូមិនមានផែនការផ្តល់ការគាំទ្រខាងផ្នែកយោធាដល់ទីក្រុងអង់ការ៉ាទេ ប្រសិនបើប្រទេសតួកគីបើកប្រតិបត្តិការយោធានៅភាគខាងជើងប្រទេសស៊ីរី។

ប្រភពនេះបានចង្អុលបង្ហាញថា «អង្គការណាតូនឹងមិនគាំទ្រចំពោះការលើកយកមាត្រា ៥ ជុំវិញការស្លាប់របស់កងទ័ពតួកគីនៅ​អ៊ីដលីបកាលពីដើមខែកុម្ភៈនោះទេ។ អង្គការណាតូមិនបានពិចារណាអំពីលទ្ធភាពនៃការផ្តល់ជំនួយយោធាដល់តួកគីក្នុងករណីមាន​ប្រតិបត្តិការយោធានៅក្នុងតំបន់ទេ។ អ្នកការទូតរូបនេះបាននិយាយថា ការស្លាប់របស់កងទ័ពតួកគីនៅអ៊ីដលីប គឺជាសោកនាដកម្មមួយ ប៉ុន្តែវាបានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការយោធាឯកតោភាគីលើទឹកដីបរទេស ដែលហួសពីការចែងនៅក្នុងមាត្រា៥ នៃសន្ធិសញ្ញា​បង្កើតអង្គការណាតូ»។

ប្រភពដដែលបានកត់សម្គាល់ថា ចំពោះលទ្ធភាពនៃប្រតិបត្តិការយោធារបស់តួកគី គឺមានគោលបំណងបញ្ឈប់ការឈានទៅ​មុខរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី​នៅអ៊ីដលីប នឹងជួយក្រុមប្រដាប់អាវុធខុសច្បាប់ក្នុងការកាន់កាប់តំបន់ខ្លះនៃខេត្តនេះ។ ក្នុងនាមជារដ្ឋ​សមាជិករបស់អង្គការណាតូ តួកគីមានការគាំទ្រផ្នែកនយោបាយពីរដ្ឋជាសមាជិកដទៃទៀត ប៉ុន្តែមិនមានផែនការផ្តល់ជំនួយយោធាដល់​ទីក្រុងអង់ការ៉ានោះទេ។

អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា មិនមែនសមាជិកណាតូទាំងអស់បានចែករំលែកគោលដៅរបស់តួកគីនៅក្នុងប្រទេសស៊ីរី និងលីប៊ីទេ ហើយបញ្ហានៃការផ្តល់ជំនួយយោធាដល់ប្រទេសតួកគី ក៏មិនត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិណាតូដែរ​កាលពីថ្ងៃទី ១២-១៣ ខែកុម្ភៈ ឆ្នាំ​ ២០២០។

ស្ថានភាពនៅក្នុងខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរីបានកើនឡើងបន្ទាប់ពីយោធារុស្ស៊ី និងតួកគីបានខិតខំប្រឹងប្រែងមួយទៀតដើម្បី​ធានាឱ្យមានបទឈប់បាញ់។ ជាការឆ្លើយតប ភេរវករបានបង្កើនការវាយប្រហារដោយសម្លាប់ទាំងអ្នកជំនាញយោធារុស្ស៊ី និងតួកគី។ កងទ័ពស៊ីរីបានចាត់វិធានការប្រឆាំងនឹងក្រុមជ្រុលនិយមដោយដណ្តើមកាន់កាប់ទីប្រជុំជន Saraqib កាលពីថ្ងៃទី៥ ខែកុម្ភៈ។ កាលពី​ថ្ងៃទី៧ ខែកុម្ភៈ កាសែត Milliyet របស់ប្រទេសតួកគីបានរាយការណ៍ថា ចំណុចអង្កេត៣ ក្នុងចំណោមចំណុចអង្កេតទាំង១២ របស់តួកគី ត្រូវបានស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយទីក្រុង Damascus៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)