ក្រសួងអប់រំសម្រេចបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី ១៨ ០២ ២០២០


ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង បន្ទាប់ពីទទួលជំនួយគាំទ្រពីវិស័យឯកជនរបស់ប្រទេសចិនដែលបោះទុនវិនិយោគនៅកម្ពុជាអស់រយៈពេលជាង២០ឆ្នាំ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្រោយអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមហ៊ុនវិនិយោគចិន ហុង កុង ឈ្មោះថា សាន់វ៉ា គ្រុប(SUNWAH Group) ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន យុវជន និងកីឡា បានបញ្ជាក់ថា មជ្ឈមណ្ឌលនវានុវត្តន៍នេះ នឹងផ្តល់ឱកាសឲ្យកម្ពុជាធ្វើការអភិវឌ្ឍធនធានមនុស្សលើផ្នែកសិក្សាស្រាវជ្រាវវិស័យវប្បធម៌ និងនវានុវត្តន៍ផ្នែកសាជីវកម្មឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤នាពេលខាងមុខ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា ក្រសួងបានធ្វើកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើផ្នែកអេឡិចត្រូនិក និងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ជាងនេះ ដើម្បីអាចឲ្យកម្ពុជាមានការអភិវឌ្ឍកាន់តែលឿនជាងបច្ចុប្បន្ននេះទៅទៀត។
នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងដោយការបំពាក់នូវជណ្តើរយន្តចំនួន២ ក្នុងទឹកប្រាក់សរុបប្រមាណ៥០ម៉ឺនដុល្លារអាមេរិក។ ជាមួយគ្នានេះ ក៏អនុញ្ញាឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសចិន ក្នុងមួយឆ្នាំចំនួន៤នាក់ លើផ្នែកស្រាវជ្រាវវប្បធម៌ និងសាជីវកម្ម ដោយនិស្សិតដែលមានជំនាញផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស២នាក់ ត្រូវបញ្ជូនឲ្យទៅសិក្សានៅសាកលវិទ្យាល័យមួយកន្លែងនៅក្នុងទីក្រុងម៉ាកាវ និងនិស្សិតដែលមានជំនាញផ្នែកអក្សរសាស្ត្រភាសាចិនចំនួន២នាក់ទៀត ត្រូវបញ្ជូនឲ្យទៅសិក្សានៅសាកលវិទ្យាល័យមួយកន្លែងនៅក្នុងខេត្តក្វាងចូវ៕