វិមានក្រឹមឡាំងបដិសេធថា មិនមានកងទ័ពរុស្ស៊ីនៅក្នុងប្រទេសលីប៊ី

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីសប្តាហ៍មុន ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NTV ថា «បច្ចុប្បន្ន រុស្ស៊ីកំពុងគ្រប់គ្រងសង្គ្រាមនៅទីនោះ [នៅប្រទេសលីប៊ី] ក្នុងកម្រិតខ្ពស់បំផុត»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក  វ៉្លាឌីមៀរ ពូទីន មិនបានបញ្ជាឱ្យ​បញ្ជូនកងកម្លាំងរុស្ស៊ីទៅកាន់ប្រទេសលីប៊ីទេ ហើយលោកបានធ្វើអត្ថា- ធិប្បាយទៅលើការចោទប្រកាន់ថ្មីៗរបស់ប្រធានាធិបតីតួកគី លោក Erdogan ថា ទីក្រុងមូស្គូគ្រប់គ្រងសង្គ្រាមនៅលីប៊ីក្នុងកម្រិតផ្លូវការមួយ។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា «ទេ លោក វ៉្លាឌីមៀរ ពូទីន ជាមេបញ្ជាការនៃកងទ័ព រុស្ស៊ីមិនបានបញ្ជូនកម្លាំង​ទៅកាន់ប្រទេសលីប៊ីទេ ហើយក៏គ្មានបទបញ្ជាបែបនេះដែរ»។

ការអត្ថាធិប្បាយនេះកើតឡើងចំពេលដែលមានសេចក្តីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ទាហានរុស្ស៊ីម្នាក់ដែលត្រូវ​បានគេចោទប្រកាន់ថា បានស្លាប់នៅក្នុងប្រទេសលីប៊ី ត្រូវបានគេបញ្ចុះកាលពី     សប្តាហ៍មុននៅក្នុងតំបន់ Orenburg នៃប្រទេសនេះ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានចោទប្រកាន់ថា ទីក្រុងមូស្គូកំពុងចូលរួមក្នុង​សង្គ្រាមនៅលីប៊ីតាមរយៈក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ី។

លោកបាននិយាយបន្ថែមថា ទីក្រុងអង់ការ៉ានឹងបន្តគាំទ្រដល់រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់នាយក​រដ្ឋមន្រ្តីលីប៊ី លោក Fayez Sarraj ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)