សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺនៅតែជាវិស័យអាទិភាពឈានមុខគេរបស់រាជរដ្ឋាភិបាលកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ១៨,០២,២០២០


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ បាន ញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សគឺនៅតែជាវិស័យអាទិភាពឈានមុខគេរបស់រាជរដ្ឋាភិបាលកម្ពុជា ពង្រីកធនធានមនុស្សឲ្យកាន់តែសម្បូរបែប សម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យ កាន់តែរីកចំរើន ខណៈផែនការនេះត្រូវបានដាក់ចេញតាំងពីឆ្នាំ១៩៨៧ ក្រោយពេលដែលសម្តេចតេជោបានឡើងធ្វើជានាយករដ្ឋមន្ត្រីបានពីរឆ្នាំ។
ថ្លែងនៅក្នុងពិធី ប្រគល់សញ្ញាបត្រដល់អធិការអប់រំ គរុសិស្ស គរុនិស្សិត វិទ្យាស្ថានជាតិអប់រំ ដែលបញ្ចប់ការសិក្សាឆ្នាំ២០១៨- ២០១៩ សរុបជិត២.០០០នាក់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា វិស័យអប់រំ ជាវិស័យអាទិភាពទី១ ក្នុងចំណោមវិស័យចំនួន៤ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងនោះ ការបណ្តុះបណ្ដាលធនធានគ្រូបង្រៀន គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយបណ្តុះបណ្ដាលធនធានមនុស្ស ឲ្យទទួលបានចំណេះជំនាញសមស្របនានា ដើម្បីអនាគតយុវជន ។ ទន្ទឹមនឹងនោះ សម្តេចតេជោបានបន្តថា ការចាប់ផ្តើមពង្រឹងវិស័យអប់រំកម្ពុជា បានចាប់ផ្តើមកកើតឡើងវិញតាំងពីឆ្នាំ១៩៧៩ គឺផ្តើមដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ ដើម្បីឲ្យវិស័យនេះកាន់តែដើរទៅមុខ ហើយរហូតដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើន ដែលធ្វើឲ្យយុវជនមានឱកាសបានសិក្សារៀនសូត្រទាំងក្នុងសាលារដ្ឋ និងឯកជន។
វិស័យអប់រំជាវិស័យស្នូលអាទិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមុំទី១ រយះពេល២អាណត្តហើយ ដែលអាណត្តទី៥ឆ្នាំ២០១៣-២០១៨ ដែលយើងបានប្តូរមុំ ពីទឹក ផ្លូវ ភើ្លង មនុស្ស ទៅជា មនុស្ស ទឹក ផ្លូវ ភ្លើងវិញ បានសេចក្តីថា ថវិការផ្សារភ្ជាប់នឹងគោលនយោបាយអាអ្វីដែលជាអាទិភាពរបស់យើង ដោយយើងបានផ្សារភ្ជាប់ការវិភាគថវិការរបស់យើង ឲ្យស្របជាមួយនិងអាទិភាពដែលយើងត្រូវផ្តល់ មជ្ឈមណ្ឌលការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាអាទិភាព ហើយចំណុចដើម្បីឲ្យមនុស្សយើងបានល្អប្រសើរ ការបណ្តុះបណ្តាលគ្រូ គឺនៅតែជាមូលដ្ឋានសំខាន់ ព្រោះពុម្ភល្អច្បាស់ជាល្អ ឧបមារថាយើងធ្វើចានឬឆ្នាំង គឺយើងត្រូវចាក់ពុម្ភជាមុន បើសិនជាពុម្ភនឹងវាល្អ ច្បាស់ណាស់ការផលិតក៏វាល្អដែរ ដូច្នោះបានជាយើងផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហា ទាក់ទងទៅនឹងការបណ្តុះបណ្តាលគ្រូរបស់យើង។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិអប់រំ គឺជាកន្លែងបណ្តុះបណ្តាលមន្ត្រីអប់រំ និងគ្រូ ដ៏សំខាន់មួយសម្រាប់កម្ពុជា គរុសិស្ស និស្សិត មន្ត្រីអប់រំ ដែលបញ្ចប់ការសិក្សា បានក្លាយជាធនធានដ៏ចាំបាច់ សម្រាប់ជួយដល់វិស័យអប់រំនៅកម្ពុជា និងជួយបណ្តុះបណ្តាលកូនខ្មែរឱ្យក្លាយជាធនធានដ៏សំខាន់សម្រាប់រួមចំណែកអភិវឌ្ឍន៍ជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានបុគ្គលិកអប់រំសរុប ១២១,៦៨០នាក់ នារី ៥៦,១៦៣នាក់។ ក្នុងនោះមន្ត្រីជាអ្នកបង្រៀនមានចំនួន ៩៣,៧០៣នាក់ ស្រី ៤៨,៨១០នាក់៕