វៀតណាម និងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ អធិការកិច្ចរដ្ឋាភិបាលវៀតណាម និងអគ្គនាយកដ្ឋានប្រឆាំង​អំពើពុករលួយរបស់រុស្ស៊ីបានធ្វើឱ្យប្រសើរឡើងនូវអនុស្សរណៈនៃការយោគយល់គ្នារបស់ពួកគេ ស្តីពីកិច្ចសហ-ប្រតិបត្តិការប្រឆាំងអំពើ​ពុករលួយ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ។

ចាប់តាំងពីឯកសារនេះត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ មក ភាគីទាំងពីរបានរក្សាការផ្លាស់ ប្តូរព័ត៌មាន និងបទពិសោធន៍​គ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយ ដូច្នេះវាជួយសម្រួលដល់ការកសាងរដ្ឋ​ដែលគ្រប់គ្រងដោយច្បាប់សុទ្ធសាធ និងមានតម្លាភាពនៅក្នុងប្រទេសនីមួយៗ។

ពួកគេបានឈានដល់ការឯកភាពគ្នាលើភាពចាំបាច់ ដើម្បីបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការដែលផ្តោតទៅលើលទ្ធផលនាពេលខាងមុខ ជាពិសេសការបណ្តុះបណ្តាលបុគ្គលិក និងភាពជាដៃគូរវាងភ្នាក់ងារមានសមត្ថកិច្ចមូលដ្ឋាន។

អគ្គនាយកអធិការកិច្ចវៀតណាម លោក Le Minh Khai បាននិយាយថា ការធ្វើឱ្យប្រសើរឡើងនៃ អនុស្សរណៈយោគយល់គ្នា​ ដែលបានធ្វើឡើងក្នុងឱកាសខួបលើកទី៧០ នៃចំណងមិត្តភាពការទូត វៀតណាម – រុស្ស៊ី (១៩៥០-២០២០) នេះ នឹងបង្កើនកិច្ច​សហប្រតិបត្តិការរវាងទីភ្នាក់ងារទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយ នឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​រវាងប្រទេសទាំងពីរ។

ផ្អែកតាមទស្សនៈរបស់លោក Khai ប្រធាននាយកដ្ឋានប្រឆាំងអំពើពុករលួយរបស់រុស្ស៊ី លោក Chobotov Andrey Sergeevich បានសម្តែងក្តីសង្ឃឹមថា ទីភ្នាក់ងារទាំងពីរ នឹងបង្កើនប្រសិទ្ធភាពឯកសារដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រយុទ្ធប្រឆាំងអំពើ​ពុករលួយនៅក្នុងប្រទេសទាំងពីរ។

នៅក្រោមអនុស្សារណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការបុគ្គលិកតាមរយៈវគ្គបណ្តុះបណ្តាល និងសន្និសីទនានា ព្រមទាំងការចែករំលែកព័ត៌មាន និងឯកសារស្តីពីការប្រឆាំងអំពើពុករលួយសម្រាប់គ្នាទៅវិញទៅមក។

ក្នុងពេលជាមួយគ្នានេះដែរ ពួកគេនឹងធ្វើការពិគ្រោះយោបល់ទៅលើបញ្ហាទាក់ទងនឹងអំពើពុករលួយនៃការព្រួយបារម្ភរួមគ្នានៅ​ក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិ និងវេទិកាពាក់ព័ន្ធនានា ដែលដំបូងឡើយ  គឺអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអំពើ​ពុករលួយ។

ពួកគេក៏នឹងសម្របសម្រួលភាពជាដៃគូរវាងអធិការកិច្ច និងភ្នាក់ងារប្រឆាំងអំពើពុករលួយនៅថ្នាក់មូលដ្ឋានផងដែរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)