ក្រសួងរៀបចំដែនដី ប្រកាសអនុវត្តនូវគោលនយោបាយ ចំនួន2 សម្រាប់ធ្វើការអភិវឌ្ឍលំនៅឋានអោយមានតម្លៃសមរម្យ

វិទ្យុជាតិកម្ពុជា:ស្រីផល
MC: ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ប្រកាសអនុវត្តនូវគោល នយោ បាយចំនួន 2 សម្រាប់ធ្វើការអភិវឌ្ឍន៍លំនៅឋានឲ្យមានតម្លៃសមរម្យ ដើម្បីឲ្យប្រជាជនអាចរស់នៅប្រកបដោយផាសុខភាពនិងសុវត្ថិភាព។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា គោលនយោបាយជាតិស្ដីពីលំនៅឋាន និងគោនយោបាយ ស្ដីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ លំនៅឋានតម្លៃសមរម្យ ត្រូវបាន រាជរដ្ឋាភិបាល ដាក់ឲ្យអនុវត្តនៅឆ្នាំ 2017 ក្នុងគោលដៅផ្ដល់ឱកាសជូនប្រជាជនទូទាំងប្រទេស មានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយផាសុខភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ តាមរយៈការផ្ដល់ជាកញ្ចប់វិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ ផ្នែកវិនិយោគសាធារណៈ និងផ្នែកនិយ័តកម្ម ដើម្បីទាក់ទាញការចូលរួមពីវិស័យឯកជន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ។
ប្រភពដដែលបញ្ជាក់ថា ការអនុវត្តតាមគោលនយោបាយជាតិទាំងពីរខាងលើ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន 5 បាននិងកំពុងអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញចំនួន 2 គម្រោង ខេត្តកណ្ដាលចំនួន 2 គម្រោង និងខេត្តបន្ទាយមានជ័យចំនួន 1 គម្រោង ដោយលក់ក្នុងតម្លៃក្រោម 3 ម៉ឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា គម្រោងមួយក្នុងចំណោម គម្រោងទាំង៥នោះ គឺគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ហូម បានសម្រួលលក្ខខណ្ឌនៃការបង់ប្រាក់កក់ដល់អតិថិជន អាចបង់ 10 ភាគរយនៃតម្លៃផ្ទះ ក្នុងរយៈពេល 12 ខែដំបូង ឬបង់ 20 ភាគរយ ទៅ30 ភាគរយក្នុងរយៈពេល 24 ខែដោយមិនមានការប្រាក់ ហើយទឹកប្រាក់ដែលនៅសល់ អតិថិជនត្រូវបង់រំលោះបន្តជាមួយធនាគារជាដៃគូ រយៈពេលរហូតដល់ 20ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន៕