ឯកឧត្ដម​​ ឃួង​ ស្រេង​ នាំភ្ញៀវទេសចរបរទេសដែល​ជិះលើនាវា​ វេស្ទើដាម​ ​​មកពីខេត្តព្រះសីហនុ​ ដើរទស្សនកិច្ច​សម្រស់រាជធានីភ្នំពេញ​

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានី​ភ្នំពេញ៖ ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានជូនជនបរទេស ដែលចុះពីនាវាទេសចរ វេស្ទើដាម​ ទស្សនកិច្ចនៅទូទាំងរាជធានីតាមរយៈរថយន្តក្រុងសាធារណៈ មុននឹងពួកគេត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ ។ 

​ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដំណើរទស្សន កិច្ចនេះ នឹងនាំជនបរទេសចុះពីនាវា Westerdam ដែលមកសម្រាកនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីទស្សនកិច្ចតាមរមណីយដ្ឋាន តាមដងទន្លេ មុខ ព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត មុនពេលដែលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ដើម្បីបង្ហាញពីភាពរីកចំរើនរបស់រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនបរទេសទាំងអស់នេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាល ថាគ្មាន រោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ ក្រោយចុះកប៉ាល់ទេសចរWesterdam ដឹកមនុស្សសរុបជាង ២ពាន់នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។