អង្គការGret ដឹកនាំក្រុមអ្នកសារពត៌មានជាង១០ស្ថាប័នដើម្បីស្វែងយល់ការអភិរក្សឃ្មុំនៅខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ កង. មុន្នីរ៉ា

MC៖ អង្គការGret ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ធ្វើការលើវិស័យកសិកម្ម បែបអេកូទ្បូជី នៅក្នុងស្រុកប្រាសាទបាគង និង ស្រុក សូត្រនិគម ខេត្តសៀមរាបបានដឹកនាំអ្នកសារព័ត៌មានប្រមាណ១០ស្ថាប័ន ចុះសិក្សាស្វែងយល់ពីការ អភិរក្សឃ្មុំ របស់ប្រជាពលរដ្ឋ ក្នុងគោលបំណងពង្រីកចំណេះថ្មីៗដល់អ្នកសារព័ត៌មានអោយជួយផ្សព្វផ្សាយពី
រក្សានិរន្តរភាពឃ្មុំឱ្យនៅគង់វង្ស ។ អ្នកយកពត៌មានយើងធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហានេះ៖

លោកប៉ាត សុវណ្ណ មន្រ្តីកសិកម្មរបស់អង្គការ Gret បានអោយដឹងថា អ្នកសារព័ត៌មានបានសិក្សាស្វែងយល់ពីការធ្វើបង្គង រក្សាឃ្មុំ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកនញ្ជាក់ថា អ្នកសារព័ត៌មាន នឹង បញ្ជ្រាបចំណេះដឹងទាំងនេះ ទៅកាន់ប្រជាពលរដ្ឋផ្សេងទៀតបានយល់ដឹង ព្រោះសត្វឃ្មុំវាជាចំណែកសំខាន់មួយ របស់វិស័យកសិកម្មផងដែរ។

សំលេងៈ ឃ្មុំវាមានសារសំខាន់នៅក្នុងវិស័យកសិកម្ម ៣០ភាគរយនៃផលិតផលកសិកម្ម ចូលរួមចំណែកពីឃ្មុំ អញ្ចឹងហើយឥទ្បូវនឹងកំពុងសិក្សាថា តើតំបន់ណានៅក្នុងគោលដៅរបស់អង្គការ Gret អាចដាក់ការអភិរក្សឃ្មុំ ឬក៏រកឃ្មុំអីចូលបាន។

លោក ពាង ឆុញ អ្នកជំនាញរកឃ្មុំ និងជាអ្នកធ្វើបង្គងរក្សាឃ្មុំព្រៃ នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់ថា បច្ចុប្បន្នឃ្មុំព្រៃកំពុងរងការបាត់បង់បន្តិចម្តងៗហើយ ដោយសារមានកំណើនអ្នករកកាន់តែច្រើន ហើយអ្នកទាំងអស់នោះ មិនចេះបច្ចេកទេស រក្សាឃ្មុំទៀត។ លោកបន្តថា នៅក្នុងភូមិរបស់លោកអ្នករកឃ្មុំមាន១០គ្រួសារ ពួកគាត់សុទ្ធតែអ្នកចេះរក្សាឃ្មុំ។

លោក អេរិច ហ្គូរិន ទីប្រឹក្សាអភិវឌ្ឍន៍សហគមន៍ ចិញ្ចឹមឃ្មុំ ដោយចីរភាព របស់អង្គការ Gret មានប្រសាសន៍ថា ឃ្មុំ នៅប្រទេសកម្ពុជា មាន៤ប្រភេទ គឺ ឃ្មុំ ចង្អេ ឃ្មុំរូង(ពង្រួត) ឃ្មុំផ្លិត ចែកចេញជាពីរ គឺឃ្មុំ ពណ៌ក្រហម និង ឃ្មុំពណ៌ខ្មៅ ។ លោក បន្តថាការធ្លាក់ចុះចំនួនឃ្មុំនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញដោយកត្តា៤យ៉ាង៖ គឺទី១ ការប្រើប្រាស់ថ្នាំពុល ទី២ ការកាប់បំផ្លាញព្រៃឈើ, ទី៣ ការប្រែប្រួលអាកាសធាតុ និង ទី៤ ការយកឃ្មុំអស់ទាំងកូន។
គួររំលឹកថា ឃ្មុំនៅក្នុងប្រទេសកម្ពុជាដើមទ្បើយមានភាពសំបូរបែប។ ទឹកឃ្មុំ ដែលបានមកពីសត្វឃ្មុំក្រេបលំអងផ្កាគ្រប់ប្រភេទ និង នៅគ្រប់ទិសទីនានានោះ ត្រូវបានគេដឹងលឺគ្រប់គ្នាថា វាមិនត្រឹមតែជាអាហារដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏ជាឱសថ សម្រាប់ព្យាបាលដ៏មានប្រសិទ្ធភាពផងដែរ។

សូមបញ្ជាក់ថា៖ អង្គការ Gret បានធ្វើការលើវិស័យកសិកម្ម បែប អេកូទ្បូស៊ី នៅក្នុង ស្រុកប្រាសាទបាគង និង ស្រុកសូត្រនិគម របស់ខេត្តសៀមរាប មានដូចជា ៖ ផលិតកម្មស្រូវ ផលិតពូជស្រូវ១០តោនទៅ២០តោនក្នុង១ឆ្នាំ ,បង្កើតក្រុមដាំបន្លែតាមស្តង់ដា ( GPS) ប្រព័ន្ធផលិតដែលមានការចូលរួម, ការចិញ្ចឹមសត្វតាមលក្ខណៈគ្រួសារ ផលិត មាន់ចិញ្ចឹម មានមាន់តូច និង មាន់ធំ, ក្រុមសន្សំប្រាក់ រួមនឹងវិធីសាស្រ្តការរក្សាទឹកទុកស្រោចស្រពដំណាំ នៅក្នុងរដូវរាំងស្ងួតជាដើម៕