រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់មន្រ្តី គ្រប់ផ្នែក គ្រប់ជំនាញ ត្រូវរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់មន្រ្តី គ្រប់ផ្នែក គ្រប់ជំនាញ ត្រូវរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកើតមានឡើង នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ដែលនាំ              អោយមានការបំពុលដល់សង្គម។

ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០              ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់មន្រ្តី របស់ក្រសួងព័ត៌មាន ទាំងអស់ ត្រូវរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ដែលកើតមានឡើង នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម  ដែលនាំអោយមានការបំពុលដល់សង្គម ជាពិសេសពាក់ពន្ធ័ និងជំងឺកូរូណា          ឬកូវីត ១៩ ដែលកំពុងកើតមាននៅពេលបច្ចុប្បន្ន ។

ឯកឧត្តម ក៏បានជំរុញដល់មន្រ្តីជំនាញ បន្តផលិតជា infographic វីដេអូខ្លីៗ អោយបានច្រើន ហើយមានន័យ និងខ្លឹមសារគ្រប់គ្រាន់ ពិសេសប្រសាសន៍សំខាន់ៗ របស់ប្រមុខរាជរដ្ឋាភិបាល ទាក់ទងនឹងព្រឹត្តការណ៏ កើតឡើងថ្មី ក្នុងនោះពាក់ពន្ធ័ និងជំងឺកូរូណា ឬកូវីត ១៩ ដែលកំពុងជាក្តីបារម្មណ៍សម្រាប់ពិភពលោក ។

ឯកឧត្តម បានបន្ដថា ពាក់ពន្ធ័ទៅនឹងកង្វះខាត មន្រ្តីជំនាញផ្នែកបច្ចេកទេស របស់ទូរទស្សន៍ជាតិកម្ពុជា ដែលអ្នកចាស់ មានបញ្ហាសុខភាព និងចូលនិវត្តន៍ពីការងារ ហើយអ្នកខ្លះបានស្លាប់ទៅហើយនោះ ឯកឧត្តម រដ្ឋមន្រ្តី បានអោយផ្នែករដ្ឋបាល ក៏ដូចជា ឯកឧត្តម ជារដ្ឋលេខធិការ ក្រសួងព័ត៌មាន ទទួលការងារបណ្តុះបណ្តាល និងទំនាក់ទំនងអន្តរជាតិ ស្វែងរកដៃគូរបរទេស ដូចជាប្រទេសកូរ៉េ ជប៉ុន ចិន វៀតណាម ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ជួយធ្វើការបណ្តុះបណ្តាល មន្រ្តីជំនាញបច្ចេកទេស នៅក្នុងផ្នែកវិទ្យុ និងទូរទស្សន៏ ដោយជ្រើសរើស យកមន្រ្តីវ័យក្មេងទៅសិក្សា រយះពេលវែង ពី៦ ខែទៅ១ឆ្នាំ នៅឯក្រៅប្រទេស ដើម្បីមានជំនាញច្បាស់លាស់ មកបំពេញកិច្ចការងារបានល្អ៕