លោក រូហានី និយាយថា អ៊ីរ៉ង់នឹងចរចាជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុង វ៉ាស៊ីនតោនវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរវិញ និងដកទណ្ឌកម្មចេញ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសដកខ្លួនជាឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោន ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ហើយក៏បានដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងទីក្រុងតេហេរ៉ង់ផងដែរ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នឹងអង្គុយចុះពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិន​បើសហរដ្ឋអាមេរិកវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ វិញ និងដកទណ្ឌកម្មប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយ​នេះចេញ។

លោក រូហានី បាននិយាយប្រាប់អ្នករាយការណ៍នៅទីក្រុងតេហឹរ៉ង់កាលពីថ្ងៃអាទិត្យថា «អ៊ីរ៉ង់នឹងមិនធ្វើកិច្ចចរចាដែលស្ថិតនៅ​ក្រោមសម្ពាធណាមួយឡើយ។ យើងនឹងមិនចុះចាញ់នឹងសម្ពាធរបស់សហរដ្ឋ អាមេរិកនោះទេ ហើយយើងក៏នឹងមិនចរចាក្រោមជំហរទន់​ខ្សោយណាមួយដែរ។ សម្ពាធអតិបរិមារបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់នឹងត្រូវបរាជ័យ»។

លោកបានចង្អុលបង្ហាញថា សេដ្ឋកិច្ចអ៊ីរ៉ង់នៅតែមានការរីកចម្រើននៅចំពោះមុខគោលនយោបាយ «សម្ពាធអតិបរិមា» របស់​សហរដ្ឋអាមេរិកចំពោះទីក្រុងតេហេរ៉ង់។

លោក រូហានី ក៏បានសង្កត់ធ្ងន់ថា «ការធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ងាយរងគ្រោះនៃតំបន់មជ្ឈិមបូព៌ា និងនៅក្នុង​ឈូងសមុទ្រពែរ្ស គឺមិនអាចទៅរួចទេ បើគ្មានជំនួយពីអ៊ីរ៉ង់»។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីលោក រូហានី បានបញ្ជាក់យ៉ាងច្បាស់កាលពីចុងខែមុនថា ទីក្រុងតេហេរ៉ង់នឹងមិនស្វែងរក​អាវុធនុយក្លេអ៊ែរណាមួយដោយមាន ឬគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) នោះឡើយ។

លោក រូហានី បានសង្កត់ធ្ងន់ថា «យើងមិនដែលស្វែងរកអាវុធនុយក្លេអ៊ែរទេ។ បើទោះជាមាន ឬគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក៏យើងនឹងមិនស្វែងរកអាវុធនុយក្លេអ៊ែរដែរ។ មហាអំណាចអឺរ៉ុបនឹងទទួលខុសត្រូវចំពោះផលវិបាកនៃការរំលោភលើកតិកាសញ្ញានេះ»។

នៅពេលមុននេះ លោក រូហានី បានច្រានចោលសំណើរសម្រាប់ «កិច្ចព្រមព្រៀង Trump» ថ្មីមួយ ដើម្បីដោះស្រាយបញ្ហានុ​យក្លេអ៊ែរដែលជាការផ្តល់ជូនដ៏ចំលែកមួយ ហើយលោកបានស្តីបន្ទោសដល់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះចំពោះការខកខានមិន​បានបំពេញតាមការសន្យា៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)