វិបត្តិនៅអ៊ីដលីបមិនប៉ះពាល់ដល់ការបញ្ជូន ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ីទៅតួកគីទេ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov នៅឯក្រៅសន្និសីទ​សន្តិសុខទីក្រុងមុយនិចរួច រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា ការខ្វែងគំនិតគ្នារវាង​ទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ា អំពីវិបត្តិនៅខេត្តអ៊ីដលីបរបស់ស៊ីរីដែលនឹងមិនមានផលប៉ះពាល់ដល់ការបញ្ជូនប្រព័ន្ធការពារដែនអាកាស S-400 នោះទេ ហើយវាក៏មិនប៉ះពាល់ទៅលើទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរដែរ។

លោកបាននិយាយថា «យើងមិនអាចផ្លាស់ប្តូរគោលជំហរ និងគោលការណ៍គោលរបស់យើង ដោយសារតែមានការខ្វែងគំនិតគ្នា​ម្តងម្កាលជាមួយប្រទេសមួយ ឬប្រទេសផ្សេងៗទៀតនោះទេ។ យើងមិនត្រូវអនុញ្ញាតឱ្យបញ្ហានៅក្នុងប្រទេសស៊ីរីបំផ្លាញកិច្ច​សហប្រតិបត្តិការ និងទំនាក់ទំនងរបស់យើងឡើយ»។

ស្ថានភាពនៅខេត្តអ៊ីដលីបកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង បន្ទាប់ពីការប៉ុនប៉ងមួយទៀតរបស់យោធា       រុស្ស៊ី​និងតួកគីក្នុងការអនុវត្តបទ​ឈប់បាញ់គ្នាត្រូវបានជួបប្រទះនូវការវាយប្រហារដោយក្រុមភេរវករ។ ជាលទ្ធផល អ្នកឯកទេសយោធាមួយចំនួនមកពីប្រទេសរុស្ស៊ី និងតួកគីបានស្លាប់។ កងទ័ពស៊ីរីបានសងសឹកដោយវាយប្រហារទៅលើក្រុមជ្រុលនិយម និងដណ្តើមកាន់កាប់ទីប្រជុំជន Saraqib ក្បែរខេត្ត Idlib កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឆាំងស៊ីរីដែលគាំទ្រដោយតួកគីបានធ្វើការវាយប្រហារទៅលើកងកម្លាំងស៊ីរីនៅ​ទីតាំង ២ គឺនៅទីក្រុង Saraqib និងសហគមន៍ Nayrab ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Saraqib និងខេត្តអ៊ីដលីប។ ការវាយលុក​របស់ក្រុមប្រឆាំងត្រូវបានធ្វើឡើងដោយមានការគាំទ្រពីសំណាក់ក្រុមកាំភ្លើងធំតួកគី។ ក្រុមភេរវករ Jabhat al-Nusra បានចូលរួមយ៉ាង​សកម្មក្នុងការប្រយុទ្ធនេះ។ ទោះជាយ៉ាងណា កងកម្លាំងស៊ីរីបានវាយលុកការវាយប្រហារទាំងនេះ ខណៈដែល​ពួកសកម្មប្រយុទ្ធបាន​ស្លាប់ និងរងរបួសយ៉ាងច្រើន៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)