ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ចង់រៀបចំការបោះឆ្នោត នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជានៅគ្រីមៀរនៅក្នុងខែតុលា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបញ្ជាក់ថា លោកចង់រៀបចំការបោះឆ្នោត​នៅទូទាំងប្រទេសអ៊ុយក្រែន ក៏ដូចជានៅតំបន់ «គ្រីមៀរដែរ» នៅក្នុងខែតុលាខាងមុខនេះ។

លោកបាននិយាយនៅក្នុងសុន្ទរកថា ដែលបានថ្លែងនៅក្នុងពិធីសន្និសីទសន្តិសុខទីក្រុងមុយនិចថា      «សេចក្តីប្រាថ្នារបស់យើង គឺការរៀបចំការបោះឆ្នោតនៅក្នុងទូទាំងប្រទេសអ៊ុយក្រែននៅក្នុងខែតុលា ហើយយើងចង់ [រៀបចំ] ការបោះឆ្នោតនេះនៅក្នុងតំបន់គ្រីមៀរ ដូចគ្នាដែរ»។

នៅក្នុងពេលជាមួយគ្នានោះដែរ​ លោកបានគូសបញ្ជាក់ថា ទីក្រុងដុនបាស់ (Donbass) «ត្រូវការការបោះឆ្នោតដែលមានការ​ទទួលស្គាល់ដោយអ៊ុយក្រែន និងពិភពលោកទាំងមូលដោយត្រឹមត្រូវតាមច្បាប់»។ លោកបាននិយាយថា «ពួកគេមិនអាចរៀបចំ​ព្រឹត្តិការណ៍ដូចនេះបានទេ ប្រសិនបើពួកគេមិនអនុលោមទៅតាមច្បាប់ស្តីពី ការប្រើប្រាស់អាវុធ របស់អ៊ុយក្រែន និងដោយគ្មានការត្រួត​ពិនិត្យពីយើងទៅលើតំបន់ព្រំដែនរបស់យើងនោះទេ»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)