ប្រធានអាស៊ានចេញសេចក្តីថ្លែងការណ៍ ស្តីពីឆ្លើយតបទៅនឹងការរាតត្បាតនៃមេរោគ COVID-19

AKP ភ្នំពេញ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ — នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការឆ្លើយតបរួមគ្នារបស់អាស៊ានចំពោះការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ​ដែលបណ្តាលមកពី​មេរោគកូរ៉ូណាវីរុសថ្មី (COVID-19) ដោយកំពុងប្រឈមមុខនឹងការរាតត្បាតដ៏ស្មុគស្មាញ។

សេចក្តីថ្លែងការណ៍នេះបានសម្តែងអំពីការព្រួយបារម្ភរបស់បណ្តាមេដឹកនាំអាស៊ាន អំពីការអភិវឌ្ឍដ៏ស្មុគស្មាញនៃការរាតត្បាត​ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាជន និងការអភិវឌ្ឍនៃបណ្តាប្រទេសអាស៊ាន ក៏ដូចជាតំបន់ និងពិភពលោកទាំងមូល។

ដោយសង្កត់ធ្ងន់ទៅលើសាមគ្គីភាព និងស្មារតីរបស់សហគមន៍អាស៊ាន ក្រោមប្រធានបទ «សាមគ្គីភាព និងការទទួលខុសត្រូវ» បណ្តាមេដឹកនាំអាស៊ានបានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមដៃគ្នាគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដោយធានា​ឱ្យបាននូវសុវត្ថិភាពដល់ប្រជាជនរបស់ពួកគេ។

សេចក្តីថ្លែងការណ៍នេះបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តអាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) និងគូសបញ្ជាក់ថា អាស៊ាននឹងបង្កើនការសម្របសម្រួល​ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ សម្រាប់ការងាររួមគ្នាក្នុងចំណោមវិស័យពាក់ព័ន្ធក្នុងធ្វើសមកាលកម្ម និងវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពរបស់​សហគមន៍អាស៊ាន ក៏ដូចជាសម្រាប់កិច្ចសហប្រតិបត្តិការរឹងមាំជាមួយអង្គការសុខភាពពិភពលោក បណ្តាដៃគូ និងអង្គការអន្តរជាតិនានា ក្នុងការការពារ និងគ្រប់គ្រងការរាតត្បាតនៃជំងឺនេះ។

សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់អំពីសាមគ្គីភាព និងការគាំទ្រយ៉ាងខ្លាំងរបស់អាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេង​របស់រដ្ឋាភិបាល និងប្រជាជនចិន ក៏ដូចជាសហគមន៍អន្តរជាតិក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា បណ្តាប្រទេសអាស៊ាននឹងរក្សាគោលនយោបាយបើកចំហ និងព្រមព្រៀងគ្នាសម្របសម្រួល​ការងារផ្តាច់មុខនៅតាមច្រកព្រំដែននៃប្រទេសជាសមាជិក ដោយទាមទារឱ្យទីភ្នាក់ងារតំណាងការទូតនៃប្រទេសអាស៊ាននៅក្នុងប្រទេស​ទី៣ ផ្តល់ការគាំទ្រដល់ស្ថានកុងស៊ុល និងពលរដ្ឋអាស៊ាននៅពេលមានករណីចាំបាច់ និងសហការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ស្តីពីការរីករាលដាលនៃមេរោគ COVID-19៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)