កម្ពុជាស្នើសុំឲ្យម៉ាឡេស៊ីពិនិត្យឡើងវិញ​ ចំពោះករណីអាជ្ញាធរម៉ាឡេស៊ី រកឃើញលើស្រ្តីជនជាតិអាមេរិកាំងម្នាក់ផ្ទុកមេរោគ Covid-19 ចាកចេញពីនាវា WESTERDAM ដែលចូលសំចតនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ចន​ ណារិទ្ធ​៖

នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការមួយ ស្តីពីករណីអាជ្ញាធរម៉ាឡេស៊ីរកឃើញលើស្រ្តីម្នាក់ជនជាតិអាមេរិកាំង ផ្ទុកមេរោគ Covid-19 ដែលបានចាកចេញពីនាវា WESTERDAM ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា។

ករណីនេះក្រសួងសុខាភិបាលកម្ពុជា ស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីនេះមុនការចាកចេញរបស់បុគ្គលរូបនេះ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ ​WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ ​USCDC របស់អាមេរិក ហើយយើងបានអនុវត្តតាមស្តង់ដាបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការសុខភាពពិភពលោក។

ចំពោះករណីដែលបានប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី នូវភាពវិជ្ជមាន Covid-19 នៅប្រទេសម៉ាឡេស៊ីខាងលើនេះ ក្រសូងសុខាភិបាលកម្ពុជា ស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។